បុរសជនជាតិចិនម្នាក់លោតសម្លាប់ខ្លួន ពីលើស្ពានអាកាសថ្មើជើង មុខផ្សារជម្ពូវ័ន្ត

រាជធានីភ្នំពេញ៖ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា បុរសជនជាតិចិនម្នាក់ បានលោតសម្លាប់ខ្លួន ពីលើស្ពានអាកាសថ្មើជើង មុខផ្សារជម្ពូវ័ន្ត រួចបោកក្បាលស្លាប់នៅកន្លែងកើតហេតុ បង្កអោយមានការភ្ញាក់ផ្អើល នៅម៉ោងប្រមាណ ៨ និង២០នាទី ព្រឹកថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០២១ នៅចំណុចស្ពានអាកាសថ្មើរជើង ជម្ពូវ័ន្ត មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤ មុខផ្សារជម្ពូវ័ន្ត ស្ថិតក្នុងភូមិជម្ពូវ័ន្ត១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា បុរសជនជាតិចិនរងគ្រោះរូបនោះ ពុំមានអ្នកស្គាល់អត្តសញ្ញាណឡើយ ដោយសមត្ថកិច្ច បានសន្និដ្ឋានថា អាចមានអាយុជាង ៣០ឆ្នាំ មានសម្បុរស និងមានស្នាមសាក់ ដែលសមត្ថកិច្ច អះអាងថា ជាជនជាតិចិន។

តាមសាក្សី បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ បុរសរងគ្រោះរូបនោះ បានធ្វើដំណើរឡើងស្ពានផ្នែកខាងជើង នៅពេលដើរទៅដល់លើស្ពាន ក៏បានតោងបង្កាន់ដៃស្ពាន និងចម្រឹងដែក ផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុន ទូរស័ព្ទ ឡើងលើរួចលោតទម្លាក់ខ្លួនចុះមកក្រោម ដែលមានកម្ពស់ជាង ៧ម៉ែត្រ បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗ នៅកណ្តាលទ្រូងផ្លូវជាតិលេខ៤។

តាមប្រភពព័យ៌មានខ្លះទៀត ឲ្យដឹងថា ក្នុងរយៈពេលប្រមាណជា ០៣ថ្ងៃកន្លងមកហើយ គេតែងឃើញ បុរសរងគ្រោះខាងលើនេះ បានដើរចុះឡើង នៅមុខផ្សារជម្ពូវ័ន្ត  ដឬើមើលទៅទំនងជាបែកថ្នាំ។

យ៉ាងនេះក្តី សមត្ថកិច្ចមូលដ្ឋាន នៅមិនទាន់បានដឹងពីមូលហេតុ ពិតប្រាកដ ដែលនាំឲ្យជនរងគ្រោះរូបនេះ លោតសម្លាប់ខ្លួននេះទេ។

នាឱកាសនោះដែរ សមត្ថកិច្ចមូលដ្ឋាន ក៏ឆែកឆេរនៅក្នុងខ្លួន ជនរងគ្រោះ ប៉ន្តែពុំមានអត្តសញ្ញាណអ្វីឡើយ គឺមានតែបារីនិងដែកកេះតែប៉ុណ្ណោះនៅលើជាប់ខ្លួនសាសព។ ហើយបច្ចុប្បន្ននេះ សាកសពជនរងគ្រោះ ត្រូវបានមន្ត្រីនគរបាល ចាត់ចែងបញ្ជូនទៅកាន់ឈាបនដ្ឋានវត្តស្ទឹងមានជ័យ ដើម្បីស្រាវជ្រាវរកសាច់ញាតិ៕

អត្ថបទដែលជាប់ទាក់ទង