ព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ “ជិះកង់នៃក្តីស្រឡាញ់” ​បិទបញ្ចប់ដោយជោគជ័យ

ខេត្តព្រះសីហនុ៖ ក្រសួងទេសចរណ៍សហការ ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធខ្មែរកីឡាទោចក្រយាន្ត និងរដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ “ជិះកង់នៃក្តីស្រឡាញ់” Sport Tourism Valentine’s Race in Preah Shihabouk Province ដោយមានកីឡាករ និងកីឡាការិនី ចូលរួមយ៉ាងច្រើនកុះករ។

នា​ឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ​មានប្រសាសន៍ថា ការបង្កើតព្រឹត្តិការណ៍ជិះកង់ក្នុងថ្ងៃនេះ គឺចង់បង្ហាញ នូវទិដ្ឋភាពដ៏ស្រស់ស្អាតតាមតំបន់ឆ្នេរសមុទ្រ និងការ​អភិវឌ្ឍ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ សណ្តាប់ធ្នាប់​តាម​ឆ្នេរ​ស​មុទ្រ ការបង្ហាញ​សក្តានុពល​ថ្មី​នៃ​តំបន់​ ដែល​មាន​បរិយាកាស​ថ្មី ល្អ​ស្អាត ឲ្យ​លេច​ត្រដែត​ឡើង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកាន់ខេត្តព្រះសីហនុ ឲ្យកាន់តែច្រើនឡើងនៅពេលខាងមុខ ក្នុងការស្តាមុខមាត់ឡើងវិញ ក្រោយពីជំងឺកូវីដ-១៩ មានការធូរស្រាល និងជាការស្តារធុរកិច្ចទេសចរណ៍ផងដែរ។

លោកអភិបាលខេត្តបន្តថា កីឡាជិះកង់ គឺជាការបំផុសចលនាឱ្យប្រជាពលរដ្ឋលេងកីឡា ដើម្បីពង្រឹងសមត្ថភាពផ្លូវកាយ ផ្លូវចិត្ត ដែលការជិះកង់ធ្វើឱ្យសរសៃសាច់ដុំ ផ្លូវដង្ហើមមានភាពរឹងមាំ និងសុខភាពល្អ​។ លោកថា ព្រឹត្តិការណ៍ជិះកង់នេះ មិនមែនជាការអភិវឌ្ឍជំនាញកម្រិតខ្ពស់នោះទេ ប៉ុន្តែវាជាការបំផុសចលនាកីឡាមួយ ដែលស្របគ្នាទៅនឹងយុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខ ដែលគណៈកម្មាធិការជាតិរៀបចំប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ បានដាក់ចេញ​។

ចំណែក លោកបណ្ឌិត ថោង ខុន រដ្ឋ មន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ “ជិះកង់នៃក្តីស្រឡាញ់” ក្រោមការដឹកនាំប្រកបដោយឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកថា ទោះបីកម្ពុជាធ្វើការទប់ស្កាត់ការឆ្លងរាលដាល Covid-19 ក្នុងសហគមន៍បាន ក៏ប៉ុន្តែការអនុវត្តបីកុំ បីការពារនៅតែជាអាទិភាពចាំបាច់។ ដូច្នេះកីឡាករត្រូវបន្តចូលរួមតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសរក្សាគម្លាតសុវត្ថិភាពឱ្យបាន ១,៥០ម៉ែត្រ។

លោក ថោង ខុន បន្តថា ថ្ងៃនេះកីឡាករ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស មានមោទនភាពចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ក្រុងព្រះសីហនុ ជាទីក្រុងចម្បង នៃឆ្នេរសមុទ្រកម្ពុជា និងជាតារារះនាទិសនិរតី។ រាជរដ្ឋាភិបាលបានដាក់ចេញ នូវគោលការណ៍យ៉ាងច្រើនបង្កើនការទាក់ទាញវិនិយោគ និងទេសចរណ៍មកកាន់ខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ ជិះកង់នៃក្តីស្រឡាញ់ នេះមានអ្នកចុះឈ្មោះចូលរួមប្រកួតសរុបចំនួនន ៣៥១រូប ក្នុងនោះមានកីឡាករ កីឡាការិនីចូលរួមប្រណាំងមកពីខេត្តកំពង់ចាម កំពង់ស្ពឺ កណ្តាល ភ្នំពេញ សៀមរាប ខេត្តព្រះសីហនុ និងមានកីឡាករជាជនបរទេសដូចជា ចិន ឥណ្ឌា ថៃ អង់គ្លេស និងហ្វីលីពីន ផងដែរ។ ចំពោះលទ្ធផលជិះកង់ភ្នំ ចម្ងាយ ៤០គីឡូម៉ែត្រ ផ្នែកនារី លេខ១ បានទៅលើកីឡាការីនី សូត្រ ស្រីណុច, លេខ២ បានទៅកីឡាការីនី ខេន ម៉ាឡៃ, និង លេខ៣ បានទៅលើកីឡាការីនី យត កន្និកា​ ។ ចំណែកផ្នែកបុរស លេខ១ បានទៅកីឡករ កែវ រដ្ឋា, លេខ២ បានទៅលើកីឡាករ សាន ណាម៉ៅ និងលេខ៣ បានទៅលើកីឡាករ ស៊ាំង សីហា៕ ដោយ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង