លោក គួច ចំរើន ​និងលោក វ៉ាត់ ចំរើន ​ចុះសួរសុខទុក្ខកីឡាករ-ការិនី ដែលជួបគ្រោះថ្នាក់ក្នុង​ព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់​ឆ្នេរ ក្នុងក្រុងព្រះសីហនុ “ជិះកង់នៃក្តីស្រឡាញ់” ១៤កុម្ភ:

ខេត្តព្រះសីហនុ​៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC នៅថ្ងៃអាទិត្យ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញចុះសួរសុខទុក្ខកីឡាករ កីឡាការិនីដែលជួបគ្រោះថ្នាក់ក្នុងការចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ ឆ្នេរក្នុងក្រុងព្រះសីហនុ “ជិះកង់នៃក្តីស្រឡាញ់” ១៤កុម្ភ: នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ​។

ក្នុងនោះយុវជនជាកីឡាករជិះកង់ ២៥គីឡូម៉ែត្រ បានដួលក្នុងពេលប្រកួតធ្វើឱ្យបាក់ឆ្អឹងដងកាំបិត ផ្នែកខាងស្តាំ និងកីឡាការិនីជិះកង់ ១៥គីឡូម៉ែត្រ បានដួលសន្លប់ក្នុងពេលជិះកង់ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកកាន់មន្ទីរពេទ្យបានទាន់ពេលវេលា។

ទាក់ទិនបញ្ហានេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បាននាំយកកន្ត្រកផ្លែឈើ និងថវិកាមួយចំនួន ជូនកីឡាករទាំងពីរនាក់ ក្នុងម្នាក់ទទួលបានថវិកា ០២លានរៀល និងផ្លែឈើម្នាក់មួយកន្ត្រក។

​ក្នុងឱកាសនោះ លោកស្រី អ៊ូ ធីតាពៅ ក៏បាននាំយកថវិកាមួយចំនួន ទៅឧបត្តម្ភជូនអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ចំនួន​១០០នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា ០៥ម៉ឺនរៀល នៅក្នុងឱកាសទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០២១នេះ។ ដោយឡែកបុរសម្នាក់ ដែឡជួបគ្រោះថ្នាកចរាចរណ៍បណ្តាលឱ្យភ្លើងឆេះរោលពេញខ្លួន លោកស្រី អ៊ូ ធីតាពៅ ក៏បានជួយឧបត្ថម្ភថវិការ ១០០ដុល្លាអាមេរិកផងដែរ។

លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឱ្យដឹងថា ​នៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១នេះ មានអ្នកជំងឺចូលមកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តនេះ សរុបមានចំនួន ១០០នាក់ ក្នុងនោះស្រ្តីចូលមកសម្រាលកូនមានចំនួន​១៤នាក់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង