ភ្ញៀវទេសចរមកកម្សាន្តខេត្តព្រះសីហនុ ថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម មានជាង៨ម៉ឺននាក់

ខេត្តព្រះសីហនុ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា បានឲ្យដឹងថា ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម រយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកកម្សាន្ត តាមតំបន់ឆ្នេរសមុទ្រ, តំបន់កោះ និងរមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ មានចំនួនជាង ០៨ម៉ឺននាក់។

លោក គ្រឹស្នា បន្តថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្ត នៅខេត្តព្រះសីហនុចំនួន ០៣ថ្ងៃ សរុបប្រមាណ ៨២,០៦៤នាក់ គឺកើនឡើង ២៥,០៣% បើប្រៀបធៀបឆ្នាំ២០២០។ ក្នុងនោះភ្ញៀវជាតិមានប្រមាណ ៧៥,១៨៩នាក់ កើន ៤៥,១២% ធៀបឆ្នាំ២០២០ និងភ្ញៀវអន្តរជាតិប្រមាណ ៦,៨៧៥នាក់ ថយចុះ ៥០,២៦% ធៀបឆ្នាំ២០២០។

​លោក​ គ្រឹស្នា ឲ្យដឹងដូច្នេះ រួចបញ្ជាក់​ថា ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមឆ្នាំនេះ​ ប្រព្រឹត្តទៅដោយ​រលូន និង​ពោរពេញ​ដោយ​ភាពសប្បាយ​រីករាយ ប៉ុន្តែក៏ឃើញ​មានបញ្ហា​ប្រឈម​មួយចំនួនដូចជា៖

– ភ្ញៀវទេសចរភាគច្រើនមិនសូវប្រើប្រាស់ម៉ាស ហាក់ពុំសូវមានការប្រុងប្រយត្ន័។

– អាជីវកម្មមួយចំនួនមិនបានយកចិត្តទុកដាក់អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដែលក្រសួងទេសចរណ៍ បានដាក់ចុះក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

– ការចូលរួមទុកដាក់សម្រាម និងសំអាតបរិស្ថានអនាម័យនៅពុំទាន់បានល្អប្រសើរ។

ដោយឡែក ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មានភាពសប្បាយរីករាយនៅពេលចូលមកកម្សាន្តខេត្តព្រះសីហនុ ដោយឃើញទិដ្ឋភាពស្រស់ស្អាត នៅតាមតំបន់ឆ្នេរសមុទ្រ មានបរិយាកាសថ្មី ល្អស្អាត និងការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ មានសណ្តាប់ធ្នាប់ មានបន្ទប់ទឹកសាធារណៈនៅតាមឆ្នេរ និងតំបន់កម្សាន្តមួយចំនួន ដោយមិនមានការបង់ថ្លៃសេវា។ រីឯសេវាផ្ទះសំណាក់ សណ្ឋាគារស្នាក់នៅមានតម្លៃសមរម្យ ដោយមិនតម្លើងតម្លៃថ្លៃហួសហេតុពេក ប៉ុន្តែសម្រាប់ម្ហូបអាហារ និងកន្លែងជួលអង្គុយលេងនៅតាមឆ្នេរសមុទ្រ ក៏មានតម្លៃថ្លៃហួសហេតុពេក ដោយអាជីវករ​ដាក់តុ​ លក់​គ្រឿង​សមុទ្រ​ (លក់ក្រៅ​តូប​) មានតុជ័រ​តូច​១ កៅអីជ័រ៤ តម្លៃ​ ៣០,០០០រៀល មិនទាន់​គិត​ម្ហូប​ មឹកអំពង់អាំង​ ១០ក្បាល់ តម្លៃ​ ២០,០០០រៀល, មឹកដូង​ ១០ ក្បាល​ តម្លៃ​ ២៥,០០០រៀល និងនៅមានជាច្រើនទៀត​៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង