ប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៥ រដូវកាលឆ្នាំ២០២១

ខេត្តព្រះសីហនុ៖ កាលពីរសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះជួបសំណេះសំណាលជាមួយ ក្រុមកីឡាករបាល់ទាត់ខេត្តព្រះសីហនុ ដើម្បីចូលរួមប្រកួតដណ្តើមពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកទី១៥ រដូវកាលឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។

កម្មវិធីនេះ មានការចូលរួមពី លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងសប្បុរសជនផងដែរ។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានរាយការណ៍ថា មន្ទីរបានសហការជាមួយក្លឹបបាល់ទាត់ទាំង ០៤ក្រុម ធ្វើការប្រកួតជ្រើសរើសកីឡាករឆ្នើម ដើម្បីត្រៀមចូលរួមប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកទី១៥ រដូវកាលឆ្នាំ២០២១។

នាឱកាសនោះដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ សំណេះសំណាលជាមួយ ក្រុមកីឡាករបាល់ទាត់ខេត្តព្រះសីហនុ ដែលត្រៀមចូលរួមការប្រកួត នៅរាជធានីភ្នំពេញពេលនេះ ជ្រើសរើសកីឡាករ មានកាយសម្បទា សមត្ថភាព ទេពកោសល្យបានចំនួន ៣០នាក់ ចេញពីក្លឹបទាំងបួន មានដូចជា៖ ក្លឹបបាល់ទាត់ស្នងការនគរបាលខេត្ត ក្រុមកីឡាករកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ក្រុមកីឡាករក្តាមថ្ម និងក្រុមកីឡាករខ្យល់ព្យុះ ដាក់បញ្ជូលគ្នា។

លោកអភិបាល ស្នើថា ត្រូវប្តូរឥរិយាបថស្វែងយល់ចិត្តគ្នា និងបន្តហ្វឹកហាត់ ដើម្បីចូលរួមប្រកួតនៅខេត្តកំពត នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ និងត្រៀមបន្តទៅចូលរួមប្រកួតនៅរាជធានីភ្នំពេញ ដូច្នេះកីឡាករ ត្រូវប្រឹងប្រែងប្រកួតឱ្យទទួលបានជោគជ័យ សម្រាប់ប្រជាជន និងខេត្តព្រះសីហនុ របស់យើង។

លោកអភិបាលខេត្ត បានផ្តាំផ្ញើថា បើកីឡាករយើងប្រកួតឈ្នះ ក្នុងមួយប្រកួតទទួលបានថវិកា ០២លានរៀល បើស្មើគ្នាទទួលបានថវិកា ០១លានរៀល។ ហើយ ចំពោះការទាត់ចូលមួយគ្រាប់ទទួលបានថវិកា ១០០ដុល្លារ ក្នុងនោះ ក៏បានឧបត្ថម្ភថវិកាដល់កីឡាករ ៣០នាក់ ទៅចូលរួមប្រកួតនៅខេត្តកំពត ក្នុងម្នាក់ៗថវិកា ១០០ដុល្លារផងដែរ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង