ល្បិចជនរត់គេចវេសពីការធ្វើចត្តាឡីស័ក តាមច្រកកំរៀងខេត្តបាត់ដំបង..

ខេត្តបាត់ដំបង៖ មន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ ប្រចាំការនៅតាមច្រកព្រំដែន កម្ពុជា-ថៃ ច្រកកំរៀង ខេត្តបាត់ដំបង បានចុះត្រួតពិនិត្យ និងបន្តឹងចំពោះសកម្មភាពធ្វើដំណើរចេញចូល ទាំងមធ្យោបាយដឹកនាំទំនិញចេញចូល ឬការចេញចូល របស់ពលករប្រទេសទាំងពីរ ជាពិសេសពលករកម្ពុជា ដែលវិលពីប្រទេសថៃ ចូលមកកម្ពុជា ហើយមានបំណងគេចវេសពីការធ្វើចត្តាឡីស័ក តាមការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។

​ប្រភពបញ្ជាក់ថា មាន​ជនខិលខូចមួយចំនួន បានប្រើគ្រប់មធ្យោបាយ ដើម្បីគេចវេសពីការធ្វើចត្តាឡីស័ក
ដោយធ្វើដំណើរចេញ ឬចូលតាមច្រកកំរៀង ខេត្តបាត់ដំបង រួមមាន៖ មានជនខិលខូចមួយចំនួន បានពួននៅក្នុងកន្ត្រកដាក់ឥវ៉ាន់ ដឹកទំនិញជាដើម..។ ហើយចំពោះករណីខាងលើនេះ មន្ត្រីជំនាញពាក់ព័ន្ធ នៅតាមព្រំដែន កំពុងមានវិធានការក្តៅ ស្របតាមបទបញ្ជាជាបន្ទាន់ របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលបានដាក់ចេញ។

ទាក់ទិនបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យដកស័ក្តិ និងបណ្តេញអធិការស្រុកកំរៀង ចេញពីក្របខណ្ឌនគរបាលជាតិភ្លាមៗ ក្រោយបានរកឃើញកំហុសឆ្គងដោះលែងមេខ្យល់ នាំពលករឆ្លងដែនខុសច្បាប់។

​​អនុក្រឹត្យបានសម្រេចដកស័ក្តិ និងបណ្តេញលោកវរ​សេ​នី​យ៍​​ឯក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ​ភ្លាមៗ នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។ អនុក្រឹត្យនេះ ​បានធ្វើឡើងតាមបទបញ្ជា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីក្រុមស្រាវជ្រាវរកឃើញថា អធិការស្រុករូបនេះ ពិតជាបានដោះលែងមេខ្យល់ ដែលនាំមនុស្សឆ្លងដែនខុសច្បាប់ ពីប្រទេសថៃ ចូលទឹកដីកម្ពុជាពិតប្រាកដមែននោះ។

ចំពោះបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា ក្រៅពីបកស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ អតីតអធិការស្រុកកំរៀង ឈ្មោះ គឹម ពន្លក សម្តេច ក៏បានបញ្ជាឲ្យអភិ​បាលខេត្តបាត់ដំបង និងអគ្គស្នងការនគរបាលជាតិ ត្រូវចាត់ការអនុវត្តតាមផ្លូវច្បាប់បន្តទៀត ចំពោះបុគ្គលរូបនេះ ដើម្បីឈានទៅផ្តន្ទាទោស ជនពុករលួយរូបនេះ ដាក់ពន្ធនាគារឲ្យខានតែបាន ដើម្បីជាការព្រមានដល់មន្ត្រី ឬអ្នកជាប់ពាក់ព័ន្ធស្ថាប័នផ្សេងៗទៀត កុំឲ្យប្រព្រឹត្តទង្វើ ឬធ្វើសម្មភាពពុករលួយបែបនេះ។

​ចំពោះករណីនេះដែរ តាមប្រភពព័ត៌មានច្បាស់ការ បានឱ្យដឹងថា អតីតលោកវរសេនីយ៍ឯក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង បានទទួលស្គាល់ថា ខ្លួនពិតជាបានទទួលមុខសញ្ញាមេខ្យល់នាំមនុស្ស ឆ្លងដែនខុសច្បាប់ ពីកម្លាំងវរៈការពារព្រំដែន-៨១៩ ពិតប្រាកដមែន។ ដោយករណីទី០១ គឺមុខសញ្ញាផ្តល់ជំរកស្នាក់នៅដល់ពលករ ដើម្បីត្រៀមឆ្លងដែនខុសច្បាប់ពីប្រទេសកម្ពុជា ចេញទៅទៅប្រទេសថៃ និងករណីទី០២ គឺមុខសញ្ញាពាក់ព័ន្ធនាំពលករឆ្លងដែនខុសច្បាប់ចេញពីប្រទេសថៃ ចូលកម្ពុជា ហើយគេចពីការធ្វើចត្តាឡីស័ក ប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង