តើអ្នកបើកបរនិងកម្មករ ដឹក​ជ្រូករស់ចេញពីប្រទេសថៃ ចូលមកកម្ពុជា ​បានអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ដែរឬទេ?

ខេត្តឧត្តមានជ័យ៖ ក្រុមអ្នកឃ្លាំំមើលផែនការអភិវឌ្ឍសង្គម បានស្នើដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ឲ្យជួយពិនិត្យទៅលើការនាំចូលសត្វជ្រូក តាមរថយន្តយីឌុប ឬរថយន្តធំៗជាច្រើនគ្រឿង ចេញពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកអូរស្មាច់ ថាបានអនុវត្តស្របតាមច្បាប់ ឬក៏មានការបង់ពន្ធរដ្ឋ បានត្រឹមត្រូវដែរឬទេ។ ព្រោះសង្កេតឃើញថា រាល់ថ្ងៃនេះ មានរថយន្តយីឌុបធំៗ​ បានសម្រុកដឹកជ្រូករស់ ចូលមកកម្ពុជា តាមច្រកព្រំដែននេះជាច្រើនគ្រឿង រីឯការត្រួតពិនិត្យ របស់មន្ត្រីជំនាញ ហាក់មានភាពធូរលុង។ ជាពិសេសទាក់ទងនឹងការងារទប់ស្កាត់ការរីករាយលដាល ជំងឺកូវីដ-១៩ ដែលក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល បានដាក់ចេញ។

ជាងនេះទៀត ក៏ស្នើឲ្យជួយអង្កេតទៅលើកម្មករ ឬអ្នកបើកបររថយន្តដឹកជ្រូកចេញចូលពីប្រទេសថៃ ចូលមកកម្ពុជាទាំងនោះ ថាតើបានអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩​ បានត្រឹមត្រូវដែរឬយ៉ាងណា ព្រោះហាក់មិនឃើញកម្មករ ឬអ្នកបើកបររថយន្តយីឌុបដឹកជ្រូវរស់ទាំងនោះ មិនបានឆ្លងការការធ្វើចត្តាឡីស័ក្ត ឲ្យស្របតាមការណែនាំ របស់ក្រសួងសុខាភិបាលនោះទេ។

​កាលពីល្ងាចថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ ២០២១កន្លងទៅថ្មីៗនេះ មានរថយន្តយីឌុប ០១គ្រឿង បានដឹកជ្រូករស់ចំនួន ៣០០ក្បាល ចេញពីប្រទេសថៃចូលមកកម្ពុជា តាមច្រកទ្វារអូស្មាច់ ខេត្តឧត្តរមានជ័យ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង ដោយក្រឡាប់ចាក់ជ្រូករស់ទាំងនោះ ចោលពាសពេញផ្លូវ ​និងមានមនុស្សរងរបួស ដែលគ្រោះថ្នាក់នេះ កើតឡើងនៅចំណុចស្ពានអូរប្រេងគង់ ស្ថិតក្នុងភូមិអូរំចេក ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

ទាក់ទិនបញ្ហានេះ លោក ហុង ប៉ូហេង អធិការនគរបាលស្រុកវ៉ារិន ​បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នោះ បង្កឡើងដោយខ្លួនឯង ដោយរថយន្តម៉ាកវេអង ពណ៌ស-ខៀវ ស្លាក​លេខ ព្រះសីហនុ 3A.7152 អ្នកបើកបរមានឈ្មោះ ជា សិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្រេះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

​លោកអធិ​ការបន្តថា ​រថយន្តយីឌុបជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បាន​ដឹកជ្រូកចំនួន ៣០០ក្បាល ហើយធ្វើដំណើរចេញពីច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ដោយបើកបរក្នុងល្បឿនយ៉ាងលឿន លុះទៅដល់ផ្លូវកោង ហើយ​មិនដឹងមូលហេតុអ្វី បានធ្វើឱ្យដាច់ក្បាលរថយន្ត ចេញពីតួរថយន្ត បណ្តាលឱ្យក្រឡាប់ធ្លាក់ជ្រូក​ចំនួន ៣០០ក្បាល ពាសពេញដី ​ប៉ុន្តែមិនគ្រោះថ្នាក់អាយុជីវិតមនុស្សនោះទេ។

ត្រង់ចំណុចនេះ មន្ត្រីឃ្លាំមើលផែនការអភិវឌ្ឍសង្គម ក៏បានស្នើដល់មន្ត្រីជាថ្នាក់ដឹកនាំក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវត្រួតពិនិត្យ ចំពោះការនាំចូលជ្រូករស់ចេញពីប្រទេសថៃ និងកម្មករ ក៏ដូចជាអ្នកបើកបររថយន្តដឹងជ្រូកទាំងនោះ ថាតើបានអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជាបទបញ្ជា របស់រាជរដ្ឋាភិបាល បានត្រឹមត្រូវដែរឬយ៉ាងណា ទាក់ទងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ឲ្យមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង