លោក តេង សួន ចុះពង្រឹងកម្លាំងនគរបាលអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ​ដើម្បីពង្រឹងការត្រួតពិនិត្យការធ្វើដំណើរ របស់ពលរដ្ឋចេញចូលប្រទេសជិតខាងកម្ពុជា

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកម្លាំងក្រោមវាទ ចុះពង្រឹងកងកម្លាំងនគរបាល អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងអង្គភាពវរៈសេនាតូចលេខ២៤០ នគរបាលការពារព្រំដែនទឹក មានមូលដ្ឋាននៅខេត្តព្រះសីហនុ ប្រយោជន៍ដើម្បីអនុវត្តន៍វិធានការ ត្រួតពិនិត្យចរាចរណ៍ចេញចូល របស់ ប្រជាពលរដ្ឋ ឬពលករធ្វើដំណើរវិលត្រឡប់មក ពីបណ្តាប្រទេសជិតខាងកម្ពុជា រួមមានវៀតណាម និងថៃជាដើម នឹងឃាត់ទុកនាំយកទៅធ្វើចត្តាឡីស័ក តាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ជាពិសេសអនុវត្តន៍ទៅតាមបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក តេង សួន បានដាក់ចេញ នូវបទបញ្ជាមួយចំនួនរួមមាន៖

១- កម្លាំងនគរបាលអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងនគរបាលព្រំដែនទឹកវរៈសេនាតូចលេខ២៤០ ត្រូវចុះល្បាតជាប្រចាំ តាមច្រកផ្លូវសមុទ្រ ដើម្បីត្រួតពិនិត្យចរាចរណ៍ចេញ-ចូល របស់ពលរដ្ឋ អ្នកដំណើរ ឬពលករឆ្លងដែន ដើម្បីអនុវត្តន៍វិធានការធ្វើចត្តាឡីសក័ តាមបច្ចេសទេស របស់ក្រសួងសុខាភិបាល។

ទី២- កងកម្លាំងទាំងអស់ ត្រូវត្រៀមឧបករណ៍ សម្ភារៈ មធ្យោបាយបំពាក់ សម្រាប់កិច្ចប្រតិបត្តិការនេះ និងរួមសហការជាមួយកម្លាំងរួម របស់គណៈបញ្ជាការឯកភាពរដ្ឋខេត្តព្រះសីហនុ ដើម្បីធានាថា ការត្រួតពិនិត្យមិនមានចន្លោះប្រហោង។

ទី៣- កងកម្លាំងនគរបាលទាំងអស់ ត្រូវការពារប្រុងប្រយត្ន័ខ្លួនឯងផងដែរ ចំពោះវិធានការការពារជំងឺកូវីដ-១៩ ទាំងពេលចេញប្រតិបត្តិការ ទាំងពេលប្រចាំការក្នុងអង្គភាព។

ទី៤- ចំពោះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កងកម្លាំងនគរបាល នឹងធ្វើឡើងនៅពេលឆាប់ៗនេះ។

ជុំវិញប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ឯក តេង សួន បានដាក់បទបញ្ជាហ្មឺងម៉ាត់ ដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវអនុវត្តន៍ត្រឹមត្រូវតួនាទីភារកិច្ច ឲ្យបានត្រឹមត្រូវ និងមិនអាចលើកលែងជាដាច់ខាត ចំពោះកងកម្លាំងរូបណា ដែលប្រព្រឹត្តផ្ទុយនឹងបទបញ្ជាខាងលើនេះ៕

អត្ថបទដែលជាប់ទាក់ទង