ក្រុមក្មេងទំនើងធ្វើសកម្មភាពឆក់ កក្រើកខេត្តព្រះសីហនុទៀតហើយ ប៉ុន្តែគេចមិនផុតពីកណ្តាប់ដៃប៉ូលិស

ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសហការជាមួយកម្លាំងនគរបាលស្រុកកំពង់សិលា បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ បន្ទាប់ពីក្រុមនេះ បានធ្វើសកម្មភាពឆក់ នៅឃុំជើងគោ និងឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបន្តថា ជន​សង្ស័យទាំង ០៤នាក់ រួមមាន៖ ឈ្មោះ រឿន ភារៈ ភេទ​ប្រុស អាយុ​ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំ​នៅភូមិព្រៃតានប់ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ឈ្មោះ ឈុំ ដារ៉ាត់ ភេទ​ប្រុស អាយុ ២១ឆ្នាំ មុខរបរនិស្សិត មានទីលំ​នៅភូមិពោធិ ឃុំពោរម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ឈ្មោះ សុង ដានីត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ​មិនពិតប្រាកដ មានទីលំនៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ​ និងឈ្មោះ វន សំរ៉ុង ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្ត​កំពង់ស្ពឺ​។

សមត្ថកិច្ចបញ្ជាក់ថា ក្រុមនេះបានជិះម៉ូតូ ចំនួន ០២គ្រឿង ធ្វើ​សក​ម្មភាព​ឆក់កាបូបជនរង​គ្រោះ ដែលកំពុងជិះម៉ូតូលើដងផ្លូវ​ជាតិ​លេខ៤ ចំនួន ០២កន្លែង ផ្សេង​ៗគ្នារួមមាន៖ ឈ្មោះ ហាច ចាន់ ភេទស្រី អាយុ​៣១​ឆ្នាំ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃ​នប់ ខេត្តព្រះសីហនុ​ ត្រូវបានក្រុមជនល្មើសធ្វើសកម្មភាពភាពឆក់ នៅចំណុចភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។​និងឈ្មោះ ហង្ស សារិន ភេទស្រី អាយុ ២៤ឆ្នាំ មានទីលំនៅភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្ត​ព្រះសីហ​នុ ត្រូវបានក្រុមជនល្មើសធ្វើសកម្មភាពភាពឆក់នៅចំណុចភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុង កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង