កម្លាំងតំបន់សឹករងខេត្តកំពត ឃាត់ខ្លួនមេខ្យល់បុរសជនជាតិខ្មែរ២នាក់ ដែលនាំពលរដ្ឋវៀតណាម៣នាក់ ឆ្លងដែនខុសច្បាប់ចូលមកខេត្តកំពត

ខេត្តកំពត៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ បានឲ្យដឹងថា នៅម៉ោងប្រមាណ ០៤ជិតភ្លឺ ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ៦០១ សហការជាមួយ កម្លាំងតំបន់សឹករងខេត្តកំពត បានឃាត់ខ្លួនមេខ្យល់ បុរសជនជាតិខ្មែរចំនួន ០២នាក់ ដែលបាននាំប្រជាពលរដ្ឋវៀតណាមចំនួន ០៣នាក់ (ស្រី០២នាក់) ឆ្លងដែនខុសច្បាប់ចូលមកខេត្តកំពត តាមភូមិសាស្ត្រ ភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច។

ក្រោយឃាត់ខ្លួន និងសាកសួរតាមនីតិវិធី សមត្ថកិច្ច បានប្រគល់ពលរដ្ឋវៀតណាមទាំង ០៣នាក់នោះ ជូនយោធាការពារព្រំដែនវៀតណាមវិញ ដើម្បីធ្វើចត្តាឡីសក័ និងបានសំណូមពរភាគីវៀតណាម ក្រោយពេលធ្វើចត្តាឡីស័ករួច សូមផ្តល់លទ្ធផល នៃការធ្វើតេស្តនេះ មកសមត្ថកិច្ចកម្ពុជាវិញ។

ដោយឡែក មេខ្យល់ជនជាតិខ្មែរទាំង ០២នាក់ សមត្ថកិច្ច កំពុងកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

លោកស្នងការ បញ្ជាក់បន្ថែមថា អនុវត្តន៍តាមបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ កម្លាំងសមត្ថកិច្ចគ្រប់ផ្នែក និងរដ្ឋបាលគ្រប់ថ្នាក់ ក្នុងខេត្តកំពត បានធ្វើប្រតិបត្តិការត្រួតពិនិត្យចរាចរណ៍ ចេញ ចូលនៅតាមច្រកព្រំដែន ជាប់ប្រទេសជិតខាង ក៏ដូចជានៅតាមមូលដ្ឋាន ដើម្បីអនុវត្តន៍វិធានការធ្វើចត្តាឡីសក័៕

អត្ថបទដែលជាប់ទាក់ទង