លោក តោ មុនីសាក់ ត្រូវ​ប្រកាសតែងតាំងចូលកាន់មុខតំណែង ជាប្រធានមន្ទីរផែនការខេត្តព្រះសីហនុថ្មី

ខេត្តព្រះសីហនុ៖ លោក ឆាយ ថន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងផែនការ និងលោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាព្រឹក​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងចូលកាន់មុខតំណែង របស់ លោក តោ មុនីសាក់ ជាប្រធានមន្ទីរផែនការខេត្តព្រះសីហនុថ្មី ជំនួសលោក ហុង មេ៉ងហួ ដែលរាជរដ្ឋាភិបាល បានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងផែនការ ដោយមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត​។

នាឱកាសនោះ លោក តោ មុនីសាក់ ​ប្រធានមន្ទីរផែនការខេត្តព្រះសីហនុ ដែលទើបតែចូលកាន់តំណែងថ្មី បានធ្វើការប្ដេជ្ញាចិត្តដូចខាងក្រោម៖

១- យកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្យាយាមប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតីបន្តពង្រឹង និងពង្រីកសាមគ្គីភាព ឯកភាពផ្ទៃក្នុង សហប្រតិបត្តិការឱ្យកាន់តែមានភាពរឹងមាំដើម្បីជាធ្លុងមួយ និងឧត្តមប្រយោជន៍ដល់ការសម្រេចបាននូវលទ្ធផលជាផ្លែផ្កាល្អប្រសើរជូនដល់មន្ទីរផែនការ។

២- គោរពឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវច្បាប់សហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ប្រកាន់ភ្ជាប់នូវស្មារតី មនសិការទទួលខុសត្រូវខ្ពស់លើតួនាទីរបស់ខ្លួន សំដៅរួមចំណែកអភិវឌ្ឍន៍
សង្គមជាតិ តាមបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល​។

៣- ខិតខំពង្រឹងសមត្ថភាពរៀនសូត្រ ដកស្រង់នូវបទពិសោធន៍ល្អពីរៀមច្បង សិក្សាស្រាវជ្រាវលើលិខិតបទដ្ឋានគតិយុត្តិគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជារបស់ក្រសួង និងរបស់ខេត្ត ដោយផ្សារភ្ជាប់ជាមួយ
ចំណេះដឹងផ្នែកទ្រឹស្ដី សម្រាប់អភិវឌ្ឍន៍សមត្ថភាពជំនាញក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាព​។

៤- ខិតខំអភិវឌ្ឍន៍សមត្ថភាពជំនាញវិជ្ជាជីវៈ ដើម្បីធានានូវការអនុវត្តភារកិច្ច ដែលមានចែងនៅក្នុងប្រកាសស្តីពីការប្រព្រឹត្តទៅនៃមន្ទីរផែនការរាជធានីខេត្ត។

៥- ខិតខំរក្សាប្រពៃណីសាមគ្គីភាព មន្ត្រីរាជការនៅក្នុងមន្ទីរផែនការខេត្តឱ្យបានល្អប្រសើរ​។

៦- ខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងមានសាមគ្គីភាពជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត ឱ្យបានល្អប្រសើរ។

​លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចូលរួមអបអរសាទរចំពោះលោក តោ មុនីសាក់ ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងផែនការ បានផ្តល់សេចក្តីទុកចិត្តតែងតាំងមុខតំណែងជាប្រធានមន្ទីរផែនការខេត្តព្រះសីហនុ ដើម្បីបន្តនិរន្តរភាពដឹកនាំ
មន្ទីរផែនការខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលថ្មីៗ បន្ថែមទៀត ស្របតាមគោលការណ៍ ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត និងត្រូវយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីអនុវត្តតាមតួនាទីភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូនដើម្បីធ្វើឱ្យការងារផែនការខេត្តព្រះសីហនុ មានការរីកចម្រើន និងកិច្ចប្រតិបត្តិការល្អ ទន់ភ្លន់ ហ្មត់ចត់ជាមួយគ្រប់មន្ទីរអង្គភាព ឱ្យកាន់តែល្អប្រសើរប្រកបដោយមនសិការវិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវអភិក្រម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ(ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់)។

លោកអភិបាលខេត្តបន្តថា នៅក្នុងអំឡុងពេលនេះរាជរដ្ឋាភិបាល បាននិងកំពុងរៀបចំយុទ្ធនាការការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនថ្នាក់ដឹកនាំ អង្គភាពជួរមុខ និងប្រជាពលរដ្ឋហើយជាមួយគ្នានោះផងដែរលោកអភិបាលខេត្តក៏បានឱ្យលោក ប្រធានមន្ទីរផែនការខេត្តសីហនុ ទើបតែតែងតាំងថ្មី ឱ្យស្រង់ស្ថិតិប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រះសីហនុ អោយបានត្រឹមត្រូវ និងត្រូវខិតខំរួមគ្នាជាមួយមន្ទីរសុខាភិបាល សម្រាប់រៀបចំផែនការជាក់ស្តែងបន្ថែមទៀត ដើម្បីត្រៀមគ្រូពេទ្យ ទីតាំង និងឧបករណ៍ ឲ្យមានភាពងាយស្រួលគ្រប់គ្រង ក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុនាពេលបន្ទាប់និង ឆាប់ៗបំផុត។

ឆ្លៀតក្នុងឱកាសនោះ លោក ឆាយ ថន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងផែនការ ក៏បានធ្វើការផ្តាំផ្ញើប្រធានមន្ទីរផែនការខេត្តព្រះសីហនុថ្មី ​ត្រូវបន្តខិតខំបំពេញការងារឱ្យបានល្អប្រសើរមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងក្នុងមន្ទីរ ក៏ដូចជាបណ្ដាអង្គភាពដែលស្ថិតនៅក្រោមឱវាទ របស់រដ្ឋបាលខេត្តព្រះសីហនុ ឱ្យបានទូលំទូលាយ និងទទួលបានជោគជ័យរាល់ភារកិច្ច និងកាតព្វកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន ជាពិសេសលើវិស័យផែនការនិងស្ថិតិ​៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង