គ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ៤៨ ខេត្តកោះកុង ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ខេត្តកោះកុង៖ សមត្ថកិច្ចនគរបាលខេត្តកោះកុង បានឲ្យដឹងថា មានរថយន្តដឹកឥដ្ឋមួយគ្រឿង បានក្រឡាប់តាមផ្លូវលេខ៤៨ ស្ថិតក្នុងភូមិសាស្ត្រស្រុកកោះកុង កាលពីម៉ោងជាង ៨​ព្រឹកថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ២០២១។

សមត្ថកិច្ចបន្តថា រថយន្តជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ជាប្រភេទរថយន្តដឹកឥដ្ឋទម្ងន់ ៥​តោន ក្រោយបើកចុះចំណោត រួច ក៏ដាច់ហ្វ្រាំង និងក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង នៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ​១២៩​-​១៣០ ក្នុង​ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង បណ្តាលឲ្យ​បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់​។

រថយន្តជួបគ្រោះថ្នាក់ចរាចរណ៍នេះ ពាក់ស្លាកលេខ ស្វាយរៀង 3A-3628 ដឹកឥដ្ឋ និងធ្វើដំណើរមកពីរាជធានីភ្នំពេញ ឆ្ពោះទៅ​ខេត្តកោះកុង​ ហើយបើកបរដោយ​ឈ្មោះ ស៊ឹម កប ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ទីលំនៅភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត (រងរបួសធ្ងន់ ) និងថៅកែឈ្មោះ ចៀន អាយុ ៤០​ឆ្នាំ មានទីលំនៅភូមិ-ឃុំដូចគ្នា​(​ស្លាប់​)​។

ក្រោយកើតហេតុ សមត្ថកិច្ចចំរុះ បានចុះ​ជួយ​អន្តរាគមន៍សង្រ្គោះ​ និង​បាន​បញ្ជូនជនរងគ្រោះ មកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ ចំណែក​សាកសព ត្រូវសមត្ថកិច្ចរៀបចំទុកដាក់ ដើម្បីប្រគល់ជូនក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី​៕(រូបភាពពី ន.ប កោះកុង)

អត្ថបទដែលជាប់ទាក់ទង