ក្រសួងប្រៃសណីយ៍ ​ឆ្លើយតប​​ប្រតិកម្មមួយចំនួន ពីសំណាក់​អង្គការក្រៅរដ្ឋាភិបាល និងអ្នកសារព័ត៌មាន ជុំវិញអនុក្រឹត្យបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ

រាជធានីភ្នំពេញ​៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០២១នេះ ដោយបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ២៣ អនក្រ.បក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពី ការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ (National Internet Gateway) ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សង្កេតឃើញ​ មានប្រតិកម្មមួយចំនួន ពីសំណាក់សារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាល ដែលលើកឡើងថា រាជរដ្ឋាភិបាល មានគោលបំណងចាប់យកទិន្នន័យ ស្តាប់ការសន្ទនា របស់អ្នកប្រើប្រាស់ រឹតត្បិតសេរីភាព នៃការបញ្ចេញមតិ និងយកតាមគំរូ របស់ប្រទេសចិន។

ទាក់ទិនបញ្ហានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីឆ្លើយតបប្រតិកម្មទាំងនោះ ដោយមានខ្លឹមសារថា៖

១- ការចោទប្រកាន់អំពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនេះ គឺធ្វើឡើងដោយគ្មានមូលដ្ឋាន មានចរិតនយោបាយ ផ្ទុយនឹងការពិត ហើយខុសពីគោលបំណង ដែលបានចែងក្នុងអនុក្រឹត្យនេះ។

២- ច្រកទ្វារអ៊ីនធឺណិតជាតិ ត្រូវបានបង្កើតឡើងស្ទើរគ្រប់ប្រទេសទាំងអស់ មិនមែនមានតែការគ្រោងរៀបចំបង្កើត នៅកម្ពុជានោះទេ។

៣- ការរៀបចំអនុក្រឹត្យ ស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិ ត្រូវបានធ្វើឡើងដោយបើកចំហ និងមានការពិគ្រោះយោបល់ជាមួយ អ្នកជំនាញក្នុងវិស័យទូរគមនាគមន៍ ប្រតិបត្តិករឯកជន និងស្ថាប័នពាក់ព័ន្ធជាច្រើនលើក។

៤- ការរៀបចំបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនេះ មានគោលបំណងបង្កើនប្រសិទ្ធភាព នៃការប្រមូលចំណូលជាតិ
ដោយផ្អែកលើគោលការណ៍ប្រកួតប្រជែងស្មើភាព និងស្មោះត្រង់ និងតម្លាភាពរវាងរដ្ឋ និងប្រតិបត្តិករ ព្រមទាំងជួយទប់ស្កាត់នូវការលួចតភ្ជាប់បណ្តាញឆ្លងដែនខុសច្បាប់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ការគំរាមកំហែងតាមអ៊ីនធឺណិត រូបភាពអាសអាភាស និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ​ជាដើម។

ត្រង់ចំណុចនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់​នៅក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៩ ខែកុម្ភៈនេះថា មិនមានបទប្បញ្ញត្តិណាមួយ ក្នុងអនុក្រឹត្យខាងលើនេះ ចែងអំពីការចាប់យកទិន្នន័យអ្នកប្រើប្រាស់ និងការរឹតត្បិតសេរីភាព នៃការបញ្ចេញមតិឡើយ។

បន្ថែមលើនេះ ក្រសួងប្រៃសណីយ៍ បានបញ្ជាក់ថា ក្រសួង គ្រោងនឹងរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីការការពារទិន្នន័យឯកជន (Personal Data Protection Law) បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (Cybersecurity Law) ត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។

សូមអានសេចក្តីប្រកាសព៧ត៌មាន របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគន៍ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០២១ ដូចខាងក្រោម៖

 

អត្ថបទដែលជាប់ទាក់ទង