ពិធី​​ពិគ្រោះ​យោលប់​ លើការកែ​សម្រួល​កម្រៃ​សេវា​គ្រប់​គ្រង​សំរាម​សំណល់​រឹង​នៅទី​ប្រជុំ​ជន​ក្នុង​ក្រុងព្រះសីហនុ​ និងធ្វើបទបង្ហាញអំពីប្រព័ន្ធបច្ចេកវិទ្យាទំនើប

ខេត្តព្រះសីហនុ៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ លោក តឹករ៉េត សំរេច និង​លោក ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញជាអធិបតី ក្នុងពិធី​​ពិគ្រោះ​យោលប់​ លើការកែ​សម្រួល​កម្រៃ​សេវា​គ្រប់​គ្រង​សំរាម​សំណល់​រឹង​នៅទី​ប្រជុំ​ជន​ក្នុង​ក្រុងព្រះសីហនុ​ និងធ្វើបទបង្ហាញអំពីប្រព័ន្ធបច្ចេកវិទ្យាទំនើប (ប្រព័ន្ធអែប) ដើម្បីអោយប្រជាពលរដ្ឋដឹងថា រថយន្តប្រមូលសំរាមមកដល់គោលដៅណាហើយ ដោយមានចូលរួមពី លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ មន្ត្រីជំនាញ បងប្អូនប្រជាពលរដ្ឋមកពីសង្កាត់ចំនួន ០៤ផងដែរ។

នាឱកាសនោះ លោក អុី សុខឡេង អភិបាល ក្រុងព្រះសីហនុ បានមានប្រសាសន៍ថា នៅពេលអនុវត្តក្នុងការប្រមូលសំរាម និងសេវា​គ្រប់​គ្រង​សំរាម​សំណល់​រឹង​ នៅទី​ប្រជុំ​ជន​​ក្រុងព្រះសីហនុ ជា​ប្រព័ន្ធថ្មី របស់រដ្ឋបាលក្រុង ជាអ្នកគ្រប់គ្រង។ ហើយថា រូបលោក សូមធានានៅរាល់សាលារដ្ឋទាំងអស់ ចាប់ពីវិទ្យាល័យចុះមកក្រោម ដែលស្ថិតនៅក្នុងក្រុងព្រះសីហនុ គឺមិនមានការប្រមូលថវិកាពីថ្លៃសេវាប្រមូលសំរាមនោះទេ។

លោកអភិបាលក្រុងព្រះសីហនុ បន្តថា នៅរាល់បញ្ហាបង់ថវិកានៅតាមមណ្ឌល និងមន្ទីរពេទ្យរដ្ឋ មន្ទីរពេទ្យឯកជន រួមទាំងមន្ទីរអង្គភាព​ស្ថាប័ន​រដ្ឋ​ នៅជុំវិញក្រុងព្រះសីហនុ ត្រូវនាំគ្នាចូលរួមក្នុងការបង់ថ្លៃសេវាប្រមូលសំរាមតាមផែនការ ដែលបានកំណត់។  ហើយក្នុងនោះលោកអភិបាលក្រុង អ៊ី សុខឡេង ក៏បានស្នើរអោយប្រជាពលរដ្ឋរួមគ្នា ចូលរួមសំអាតអនាម័យការពារបរិស្ថាន ដោយរក្សាអោយបាន នូវការវិចខ្ចប់សម្រាមតាមការណែនាំរបស់ស្ថាប័នពាក់ព័ន្ធ។

ឆ្លៀតក្នុងឱកាសនោះ លោក តឹក រ៉េត សំរេច ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះសីហនុ បញ្ជាក់ថា​ ​ការកែ​សម្រួល​កម្រៃ​សេវា​គ្រប់​គ្រង​សំរាម​សំណល់​រឹង ​នៅទី​ប្រជុំ​ជន​ក្នុង​ក្រុងព្រះសីហនុ​ ដោយស្របតាមយុទ្ធសាស្ត្រទីក្រុងស្អាត ទីក្រុងគ្មានសំរាម ក៏ដូចជាស្របតាមស្ថានភាព នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងក្រុងព្រះសីហនុ ដែលកំពុងឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស ដែលអាចចាត់ទុកថាជាទីក្រុងគុជនាសម័យឆ្នាំ២០២១។

លោកសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ (រួមគ្នាគិត, រួមគ្នាធ្វើ, រួមគ្នាទទួលផល) ដោយបងប្អូនត្រូវមានការវិចខ្ចប់សំរាមអោយបានល្អ មុនរថយន្តដឹកសំរាមមកដល់តាមផ្ទះ របស់បងប្អូន ហើយការវិចខ្ចប់ទុកសំរាមអោយមានរបៀបតាមការណែនាំ របស់មន្ទីរបរិស្ថាន ក៏ដូចជាការណែនាំ របស់ក្រុមហ៊ុនសំរាម ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ មិនត្រឹមតែប៉ុណ្ណោះ ការវិចខ្ចប់ទុកសំរាមអោយបានល្អ វាក៏ជាផ្នែកមួយក្នុងការថែរក្សា នូវសុខមាលភាព របស់បងប្អូននៅក្នុងសហគមន៍ និងសង្គមគ្រួសាររបស់ខ្លួនផងដែរ។

លោកបានបន្តទៀតថា ដើម្បីបង្កើតភាពងាយស្រួលក្នុងកិច្ចការនេះ ក្រសួងពាក់ព័ន្ធបានកំណត់ខ្សែររត់ របស់ក្រុមហ៊ុនប្រមូលសំរាម តាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើបគឺ (ប្រព័ន្ធអែប) ដើម្បីអោយប្រជាពលរដ្ឋដឹងថា រថយន្តប្រមូលសំរាមមកដល់គោលដៅណាហើយ។ ដោយសូមបញ្ជាក់ផងដែរថា ក្នុងអង្គវេទិការនេះផងដែរ បងប្អូនប្រជាពលរដ្ឋដែលចូលរួមបានឯកភាពតាមសំណើរ របស់លោក តឹករ៉េត សំរេច ប៉ុន្តែពួកគាត់ស្នើរអោយអាជ្ញាធរដែនដី អង្គភាពពាក់ព័ន្ធជួយសម្រួលនៅទីតាំងទុកដាក់សំរាម ដោយមានធុងដាក់កាកសំណល់រឹង និងធុងដាក់កាកសំណល់រាវហើយកាកសំណល់ផ្ទះបាយ និងកំណត់ពេលវេលាអោយបានច្បាស់។

ជាងនេះទៀត ចំពោះពេលវេលា របស់រថយន្ត​ដឹកសំរាម ក៏ត្រូវធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការបញ្ចេញសំរាម ព្រោះពួកគាត់មួយចំនួន ពុំទាន់ចេះប្រើប្រាស់ (ប្រព័ន្ធអែបតាមទូរស័ព្ទ) នៅឡើយទេ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង