តុលាការខេត្តព្រះសីហនុ ដឹកនាំកម្លាំងចម្រុះស្រុកស្ទឹងហាវ អមដោយគ្រឿងចក្រ ចុះឈូសបំផ្លាញផ្ទះពលរដ្ឋអស់ជិត៦០ខ្នង នៅឃុំកែវផុស..

ខេត្តព្រះសីហនុ៖ អាជ្ញាធរស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានកិច្ចសហការពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុផងនោះ បានដឹកនាំកម្លាំងចុះរុះរើខ្ទម និងផ្ទះ របស់ប្រជាពលរដ្ឋ ដែលអះអាងថា បានសង់លើទីតាំងដីមានប័ណ្ណកម្មសិទ្ធិ របស់អ្នកដទៃ ស្ថិតនៅក្នុងភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សកម្មភាពខាងលើនេះ ត្រូវបានប្រជាពលរដ្ឋជាច្រើននាក់ ដែលមានផ្ទះនិងដី នៅតំបន់នោះ បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងការការប្រើគ្រឿងចក្រឈូសបំផ្លាញផ្ទះ របស់ពួកគាត់ បន្តមកដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបានស្នើសុំឲ្យអាជ្ញាធរស្រុកស្ទឹងហាវ ត្រូវមានដំណោះស្រាយ និងទទួលខុសត្រូវ ចំពោះការរុះរើបំផ្លាញផ្ទះ និងដំណាំ របស់ពួកគាត់។

ប្រជាពលរដ្ឋ បានអះអាងថា មានផ្ទះចំនួន ៥៨ខ្នង ក្នុងចំណោមផ្ទះប្រមាណជាង ៧០ខ្នង និងដំណាំមួយចំនួនទៀត ត្រូវបានឈូសបំផ្លាញចោល ដោយប្រើគ្រឿងចក្រអេស្កាវ៉ាទ័រចំនួន ០៣គ្រឿង។

យ៉ាងនេះក្តី ចំពោះសកម្មភាព នៃការប្រើគ្រឿងចក្រខាងលើនេះ ត្រូវបានប្រជាពលរដ្ឋ ប្រមូលផ្តុំគ្នា គុបដបសាំងទៅលើគ្រឿងចក្រ ដើម្បីបញ្ឈប់សកម្មភាពឈូសឆាយផ្ទះ និងបានស្ទាក់គ្រឿងចក្រទាំងនោះទុកមិនឲ្បបើកចេញ ពីទីតាំងកើតមានទំនាស់នោះទេ។ ជាងនេះទៀត ក្រុមប្រជាពលរដ្ឋ ក៏បានព្រមានដុតកំទេចចោលគ្រឿងចក្រទាំងនោះចោល បើអាជ្ញាធរ មិនមានដំណោះស្រាយជូនពួកគាត់ ឲ្យបានសមស្របនោះទេ។

សូមបញ្ជាក់ថា នៅក្នុងខ្ទម ឬផ្ទះ ដែលត្រូវបានគ្រឿងចក្រឈូសបំផ្លាញខាងលើនេះ មានផ្ទះខ្លះ មានម្ចាស់រស់នៅ និងផ្ទះខ្លះទៀត ត្រូវម្ចាស់បិទទ្វារចោល។ ហើយផ្ទះ ឬខ្ទមខ្លះ ធ្វើឡើងសម្រាប់ចាំដី និងមានក្បាលដីខ្លះ បានធ្វើរបងហ៊ុំព័ទ្ធទុកចោល។

យ៉ាងណាក៏ដោយចុះ ប្រជាជនខ្លះរស់នៅតំបន់នោះ បាននិយាយថា ពួកគាត់បានចូលមកកាប់រាន​យកដី នៅទីតាំងខាងលើនេះ ជាចំណែកតូចៗ ដើម្បីសង់ផ្ទះរស់នៅ ព្រោះមានជីវភាពខ្វះខាត ហើយពលរដ្ឋខ្លះទៀត បានអះអាងថា បានទិញដីនោះ តពីគេ តាមការអូសទាញ របស់មេខ្យល់ដោយលើកហេតុផលថា ដីនៅទីតាំង មានទំនាស់ខាងលើនេះ ជាដីរដ្ឋ និងជាដីគម្របព្រៃឈើជាដើម។

ទោះជាបែបនេះក្តី យោងតាមឯកសារ បង្ហាញថា ដីទំនាស់ខាងលើនេះ គឺមានម្ចាស់ដីគ្រប់គ្រងដោយស្របច្បាប់ និងមានប័ណ្ណរឹង ចុះហត្ថលេខាដោយ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយ៍កម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ដែលមានទំហំ ១០០ហិចតា ឬស្មើនឹង ២០ប័ណ្ណហើយប្រវត្តិប័ណ្ណនេះ មានឈ្មោះដើម គង់ មាលា ភេទស្រី កើតឆ្នាំ១៩៦២ បានលក់ឡៃឡុង ទៅឲ្យ ឈ្មោះ ឆៃ ជីងហ៊ាង។

ចំពោះសកម្មភាពឈូសបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋខាងលើនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏ធ្លាប់បានចេញសេចក្តីជូនដំណឹង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ មករដ្ឋបាលស្រុកស្ទឹងហាវ ដើម្បីដឹកនាំរៀបចំតាមនីតិវិធី ជូនម្ចាស់ដីស្របច្បាប់។ ហើយថា ករណីនេះ រដ្ឋបាលស្រុកស្ទឹងហាវ ក៏បានចេញសេចក្តីជូនដំណឹងជម្រាបជូន ប្រជាពលរដ្ឋដែលនៅតំបន់នោះ ឲ្យរុះរើផ្ទះ ឬខ្ទមតូចៗ ចេញពីទីតាំងដីកម្មសិទ្ធដែលមានម្ចាស់ស្របច្បាប់។ ប៉ុន្តែអាជ្ញាធរ ស្រុកស្ទឹងហាវ អះអាងថា ប្រជាពលរដ្ឋ មិនអនុវត្តតាមសេចក្តីជូនដំណឹងខាងលើនេះទេ ហើយបន្តធ្វើសកម្មភាព ទិញ-លក់ ដីតំបន់នេះ តៗគ្នា និងបានសង់ផ្ទះថ្មីៗ នៅលើដីនោះ ដោយគ្មានអាជ្ញាធរដឹងឮឡើយ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង