រដ្ឋបាលខេត្តព្រះសីហនុ ទទួលសម្ភារៈបរិក្ខាពេទ្យ៤០កេស ពីសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ បានទទួលសម្ភារៈបរិក្ខាពេទ្យ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលជាអំណោយ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ចំនួន ៤០កេស សម្រាប់បម្រើឱ្យវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ។

ពិធីនេះ ចូលរួមជាអធិបតីដោយ លោក គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ និងលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ និងលោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ព្រមទាំង មន្ត្រីមន្ទីរស្ថាប័នពាក់ព័ន្ធជាច្រើននាក់ទៀត។

នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលតែងបានយកចិត្តទុកដាក់ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ជាពិសេសថ្ងៃនេះ ខេត្តព្រះសីហនុ ក៏មានកិត្តិយសបានទទួលសម្ភារ:បរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

បន្ថែមលើនេះ លោកអភិបាល មានជំនឿថា សម្ភារៈ និងឧបករណ៍ពេទ្យទាំងនេះ នឹងបម្រើឱ្យវិស័យសុខាភិបាល ក្នុងខេត្តព្រះសីហនុ ប្រកបដោយគុណភាព ជួយដល់អ្នកជំងឺ ក៏ដូចជាបានជួយសំរាលទៅដល់ការលំបាក របស់គ្រូពេទ្យ បម្រើការងារនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តនេះ។

សូមបញ្ជាក់ថា សម្ភារៈបរិក្ខារពេទ្យដែលទទួលបាននៅពេលនេះ រួមមាន៖

– សឺរុាំង ខ្សែ និងតំណសេរ៉ូមច្រើនប្រភេទ បង់រំរបួស កំរាលតុនិងគ្រែ កំរាលអ្នកជំងឺ សម្លៀកបំពាក់អ្នកជំងឺ ថង់ដាក់សំភារៈ សុងនោម ទឹកសំលាប់មេរោគ ស្រោមដៃ សម្ភារៈមន្ទីរពិសោធន៍។

– សម្ភារៈទាក់ទងការរំ និងថែទាំរបួស។

– សម្ភារៈជំនួយការពិនិត្យព្យាបាលជំងឺរោគស្ត្រី។

– សម្ភារៈជំនួយការវះកាត់។

បន្ទាប់ពីទទួលសម្ភារៈបរិក្ខារពេទ្យរួចមក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានបន្តចុះពិនិត្យអាគារ ដែលត្រៀមសម្រាប់ចាក់វាក់សាំងកូវីដ-១៩ ដែលបានសាងសង់នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានទីតាំងស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង