សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខមាតា កុមារ និងទារកនៅមន្ទីរពេទ្យបង្អែកខេត្ត និងនៅពន្ធនាគារខេត្ត

ខេត្តព្រះសីហនុ៖ នាព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៃទិវាជាតិសុខភាពមាតា និងទារក លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ប្រាក់ ចន្ទសុខា ហិរញ្ញិកគណៈកម្មាធិការសាខា ព្រមទាំងមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្ត រួមទាំងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់មាតា ទារក និងកុមារ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

ឆ្លៀតក្នុងឱកាសនោះ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរបស់សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរសុខទុក្ខ ពីការលំបាក របស់បងប្អូនប្រជាពលរដ្ឋដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។

បន្ទាប់ពីបានចុះសួរសុខទុក្ខ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រួចមក លោកប្រធានគណៈកម្មាធិការសាខា បានចាត់តាំងឲ្យលោកស្រី ប្រាក់ ចន្ទសុខា ហិរញ្ញិកគណៈកម្មាធិការសាខា ព្រមទាំងមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្ត បន្តចុះសួរសុខទុក្ខ ដល់មាតា ទារក និងកុមារ ដែលកំពុងជាប់ឃុំអប់រំនៅពន្ធនាគារខេត្ត។

សូមបញ្ជាក់ផងដែរថា អំណោយដែលបានយកមកចែកជូនដល់មាតា ទារក និងកុមារ ដែលសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងកំពុងជាប់ឃុំអប់រំ នៅពន្ធនាគារខេត្តរួមមាន៖ សម្រាប់ទារក មានឃីត១ (ម្សៅសាប៊ូ ១កញ្ចប់, ម្សៅកូនក្មេង ១ដប, សាប៊ូទារក ១ដប, ប្រេងកូឡាធំ ១ដប, កន្សែងពោះគោ១ និងខោអាវទារក ១ឈុត)។ សម្រាប់មាតា និងកុមារ មានឃីត១ (ក្រមា៉១, មុង១, ភួយ១, សារ៉ុង១)និងថវិកា ៥ម៉ឺនរៀល។ ហើយក្នុងនោះ ក៏បានចែកអំណោយ ឃីត១(ក្រមា១, មុង១ ភួយ១ សារ៉ុង១) និងថវិកា ៥ម៉ឺនរៀល ដល់អ្នកមានជំងឺមេរោគអេដស៍ចំនួន ៥នាក់ ដែលជាប់នៅក្នុងពន្ធនាគារនោះដែរ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង