ក្រសួងសុខាភិព្យាបាល រកឃើញទីតាំង២៣កន្លែង ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាស​ព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ទីតាំងពាក់ព័ន្ធ​នឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ​ មានចំនួន ២៣កន្លែង នៅក្នុងរាជធានីភ្នំពេញ ហើយទីតាំងទាំងនេះ ត្រូវប្រកាសបិទជាបណ្តោះអាសន្ន​។

ទីតាំងទាំង ២៣កន្លែងនោះ រួមមាន៖ ១. ក្លឹប N8 ២.ក្លិប ​Casa By Meridian ៣.សណ្ឋាគារ​ Le Gong Guan Hotel ​៤.​City Comfort ​៥.អគារ The Bridge ៦.​ The Point Service Apartment ៧. Mekong Street ៨.Pent House Apartment ៩.Skyline DUMEX ១០.Somet Condoninium ១១.Residence L Olympic ១២.Prince Plaza Centre ១៣. Celeste Skybar ១៤.Diamond Twin ១៥. JinZun ខារ៉ាអូខេមុខព្រលាន ១៦.ក្លឹប Coco សណ្ឋាគារកណ្តាលសួនច្បារ ១៧. JuHao មុខហាងឆ្នេរមាស ១៨.ហាង The World ១៩.ហាង វ័នមែនសិន ២០.ក្លឹប ១៦៨ អតីត​នគរសំរឹទ្ធិ ២១.Love ២២.វិទ្យាល័យ​ហ៊ុនសែន ភ្នំពេញថ្មី ២៣.សាលា SIS។

ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ថា បុគ្គល ដែលធ្លាប់បានចេញចូលទីតាំង​ខាងលើ ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឬបុគ្គល​ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ខាងលើ ឬដឹងថា ខ្លួនជាអ្នកប៉ះពាល់ជាមួយ​ អ្នកមានវីរុសកូវីដ-១៩ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្ត មកធ្វើតេស្តរកមេរោគកូវីដ-១៩ នៅរៀងរាល់ម៉ោងធ្វើការ នៅមណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ។ អ្នកទាំងនេះ ក៏ត្រូវដាក់ខ្លួន​នៅដាច់ដោយឡែកពី ក្រុមគ្រួសារ ធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងតាមដាន​សុខភាពជារៀងរាល់ថ្ងៃ។ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ដូចជា៖ ឡើងកំដៅខ្លួន ក្អក ផ្តាសាយ ឈឺបំពងក ឬពិបាកដកដង្ហើម ជាដើម សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ឬលេខទូរស័ព្ទ ដែលមានជូននៅខាងក្រោមនេះស្រាប់ ដើម្បីជួយអន្តរាគមន៍សុខភាព ឲ្យបានទាន់ពេលវេលា​។

បន្ថែមលើនេះ ក្រសួងសុខាភិបាល ក៏បានប្រកាស​អំពាវនាវ និងក្រើនរំលឹក​សាជាថ្មីម្តងទៀត សូម​បងប្អូន​ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស និងជាពិសេស​អ្នករស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវប្រកាន់​យកនូវការប្រុង​ប្រយ័ត្នខ្លួនជាប់ជានិច្ច គ្រប់គ្រងក្រុមគ្រួសារ​ឲ្យបានល្អ និងចូលរួមអនុវត្តវិធានការការពារខ្លួន ឲ្យបានខ្ជាប់ខ្ជួន​គ្រប់ៗគ្នា។

ក្រសួងសុខាភិបាល ឲ្យដឹងបន្តថា ចំពោះការស្រាវជ្រាវ របស់ក្រុមគ្រូពេទ្យជំនាញ បង្ហាញថា ស្ថានភា​ពនៃ​ការចម្លង​ក្នុងសហគមន៍នាពេលនេះ មានលក្ខណៈធំជាង និងសាំញ៉ាំ​ជាងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។ ហើយចំពោះ វិធានការ និងអន្តរាគមន៍នានា បានដាក់​ចេញជាបណ្តើរៗ គឺអាស្រ័យ​ទៅតាមស្ថានភាព នៃការរកឃើញវត្តមានវីរុសកូវីដ-១៩ នៅតាមទីតាំងនីមួយៗ ដើម្បីទប់ស្កាត់ការចម្លងបន្តវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំ៕

អត្ថបទដែលជាប់ទាក់ទង