ក្រុមហ៊ុន លន សុីធី ឡូតធឺសសុីថោន ​បើកពិធីសម្ពោធ​គម្រោងសាងសង់អគារស្នាក់នៅ និងផ្សារទំនើបជាដើម នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖​ កាលព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន លន សុីធី ឡូតធឺសសុីថោន បានបើកពិធីសម្ពោធជាផ្លូវការទៅលើគម្រោងសាងសង់អគារស្នាក់នៅ ផ្សារទំនើប និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលមានទីតាំងស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ពិធីនេះ ក្រោមអធិបតីភាពលោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមជាកិត្តិយស ពីសំណាក់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា រួមទាំងវត្តមានលោក លោកស្រី អភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងវិស័យឯកជន។

ទន្ទឹមគ្នានោះ លោក តុល លន ស្ថាបនិកក្រុមហ៊ុន លន សុីធី ឡូតធឺសសុីថោន ក្រុងព្រះសីហនុ មានប្រសាសន៍ថា គម្រោងនេះនឹងអភិវឌ្ឍន៍លើផ្ទៃដីប្រមាណជាង ៦៦ហិកតា ដែលមានការសាងសង់ជាលំនៅដ្ឋាន ផ្ទះល្វែង បុរី វីឡា សម្រាប់លក់ជូនអតិថិជន និងសាងសង់បន្ថែម នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតរួមមាន សាលារៀន សួនច្បារ ស្ថានីយ៍ប្រេងឥន្ទនៈ អាហារដ្ឋាន និងកន្លែងហាត់ប្រាណជាដើម ដែលបានបណ្ដាក់ទុន វិនិយោគជាង ១០០លានដុល្លាអាមេរិក។

បន្ថែមលើនេះ លោក តុល លន ក៏​បាន​ថ្លែងអំណរអរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិ នាំមកនូវសុខសន្តិភាព បង្កើនឱកាសដល់ការវិនិយោគ និងការអភិវឌ្ឍន៍ប្រទេសជាតិ។

ព្រមជាមួយគ្នានោះ លោក រុណ រដ្ឋា នាយកប្រតិបត្តិគម្រោង លន សុីធី ឡូតធឺសសុីថោន បានធ្វើរបាយការណ៍ជូនអង្គពិធីថា ក្រុមហ៊ុននឹងសាងសង់ នូវសំណង់លំនៅដ្ឋាន ផ្ទះវីឡា ព្រមទាំងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ ដែលធានាគុណភាពស្តង់ដាតាមបទដ្ឋានវិស្វកម្ម និងស្ថាបត្យកម្ម ប្រកបសោភ័ណ្ឌភាព និងភាពសុីវិល័យសម័យថ្មី ដើម្បីផ្តល់ជូនអតិថិជន។

នាឱកាសនោះដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ទោះបីជាប្រទេសកម្ពុជា និងពិភពលោកព្រួយបារម្ភ ចំពោះជំងឺកូវីដ-១៩ក្តី ប៉ុន្តែចំពោះការវិនិយោគលើវិស័យអចលនទ្រព្យ និងការសាងសង់សំណង់ផ្ទះល្វែង វីឡា បុរី លំនៅដ្ឋានក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តព្រះសីហនុ នៅតែមានសកម្មភាពជាបន្តបន្ទាប់ ស្របពេល​ខេត្តព្រះសីហនុ គឺជាខេត្តតំបន់ឆ្នេរមួយ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ភ្លើងបំភ្លឺផ្លូវ និងសំណង់អាគារតូច ធំ ក្នុងក្រុងព្រះសីហនុ ក៏ដូចជាតាមតំបន់ទេសចរណ៍នានា ហើយមួយវិញទៀតខេត្តព្រះសីហនុ សំបូរទៅដោយរមណីយ៍ដ្ឋានទេសចរណ៍ ដើម្បីឱ្យភ្ញៀវមកទស្សនា និងមកលេងកំសាន្ត។

លោកអភិបាល ក៏បានលើកទឹកចិត្តចំពោះដំណើរការអភិវឌ្ឍន៍ របស់ក្រុមហ៊ុន លន សុីធី ក្នុងខេត្តព្រះសីហនុ ហើយបានណែនាំដល់ក្រុមហ៊ុនឲ្យយកចិត្តទុកដាក់ អនុវត្តន៍វិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ តាមគោលការណ៍ របស់ក្រសួងសុខាភិបាល ជាចាំបាច់ នៅក្នុងការដ្ឋានផ្ទាល់ ស្របពេលដែលវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ កំពុងធ្វើឡើងគ្រប់ទីកន្លែង៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង