ស្រ្តីជនជាតិចិន២នាក់ បានរកឃើញមានវិជ្ជមានវីរុសកូវីដ-១៩ នាខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីជនបរទេស ដែលស្នាក់នៅក្នុងក្រុងព្រះសីហនុ ហើយលទ្ធផលតេស្តបានបញ្ជាក់ថា មានវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២នាក់ រួមមាន៖

១- ស្រ្តីជនជាតិចិន អាយុ ៣៥ឆ្នាំ មកពីរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ តាមរថយន្ត Alphard ស្លាកលេខៈ ៤៥៤៦ ហើយស្នាក់នៅសណ្ឋាគារ ជីន ប៉ីព័រអី ស្ថិតនៅភូមិ១ សង្កាត់លេខ៣
ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

២- ស្រ្តីជនជាតិចិន អាយុ ២២ឆ្នាំ មកពីរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ តាមរថយន្ត (០២នាក់ អ្នកបើកបរ) ហើយស្នាក់នៅសណ្ឋាគារ ហ័ងហ្គ័នជាយី ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាមួយសង្សារ។

បច្ចុប្បន្នស្ត្រីជនជាតិចិនទាំង ០២នាក់ ត្រូវបានដាក់នៅដាច់ដោយឡែក និងផ្តល់ការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកអាជីវកម្មសណ្ឋាគារជីន ប៉ីទាំង០៣សាខា និងអគារស្នាក់រួម របស់បុគ្គលិកក្រុមហ៊ុន ជីន ប៉ី ក្រុងព្រះសីហនុ ព្រមទាំងសណ្ឋាគារ ហ័ងហ្គ័នជាយី ជាបណ្តោះអាសន្ន។

រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវ លោក លោកស្រី ដែលធ្លាប់មានវត្តមានចេញចូល នៅសណ្ឋាគារ ជីន ប៉ី ទាំង០៣សាខា និងអគារស្នាក់នៅរួម របស់បុគ្គលិក ក្រុមហ៊ុន ជីន ប៉ី ចាប់ពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ និងសណ្ឋាគារ ហ័ងហ្គ័នជាយី ចាប់ពីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬដឹងថាខ្លួនជាអ្នកប៉ះពាល់ជាមួយ បុគ្គលវិជ្ជមានមេរោគ្វីដ-១៩ ទាំងពីរនាក់ខាងលើ ត្រូវមានភាពស្មោះត្រង់ មិនត្រូវលាក់លៀម និង ស្ម័គ្រចិត្ត មកធ្វើតេស្តរកមេរោគកូវីដ-១៩ ឱ្យបានទាន់ពេលវេលា។ ហើយត្រូវទៅជួបក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ដែលប្រចាំការនៅសាលាបឋមសិក្សា-អនុវិទ្យាល័យ តេជោសែន
កម្មករ ស្ថិតនៅវិថីឯករាជ្យផ្លូវ១០០ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីវេលាម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះតទៅ ដើម្បីក្រុមការងារពិនិត្យយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ និងធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ តាមការកំណត់ របស់ក្រសួងសុខាភិបាល៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង