ក្រសួងអប់រំ សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ដើម្បីទប់ជំងឺកូវីដ-១៩ មិនឲ្យឆ្លងចូលក្នុងសាលារៀន

ខេត្តព្រះសីហនុ៖ ក្រសួងអប់រំ យុវជន និងកីឡា បានលិខិតជូនដំណឹងជាបន្ទាន់មួយនៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្តីពីការផ្អាកដំណើការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ន រយៈពេល ០២សប្តាហ៍ នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ប្រយោជន៍ដើម្បីបង្ការទប់ស្កាត់ការរីករាលដាល នៃការឆ្លងមេរោគកូវីដ-១៩ នៅក្នុងមូលដ្ឋានខេត្តទេសចរណ៍ ជាប់ឆ្នេរសមុទ្រមួយនេះ។

លិខិតជូនដំណឹង របស់ក្រសួងអប់រំ មានចុះហត្ថលេខា លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្សព្វផ្សាយនៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈនេះ មានខ្លឹមសារថា ដោយសារស្ថានភាព នៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងដើម្បីជៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងនោះ។ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ន រយៈពេល ០២សប្តាហ៍ នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ហើយថា គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តដំណើរការបង្រៀន និងរៀន តាមប្រព័ន្ធអេឡិចត្រូនិច​រៀងៗខ្លួន។

ផ្តើមពីបញ្ហានេះ លោក ហង់ជួន ណារ៉ុន ក៏បានជម្រាបជូនទៅ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ ត្រូវផ្សព្វផ្សាយសេចក្តីជូនដំណឹងខាងលើនេះ ឲ្យបានទូលំទូលាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង-ស្រុក គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប និងស្នើឲ្យចូលរួមសហការអនុវត្ត តាមសេចក្តីជូនដំណឹង របស់ក្រសួងអប់រំនេះ ឲ្យបានទាំងអស់គ្នា និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង