មានទីតាំងចំនួន៦៣កន្លែង ជាប់ពាក់ព័ន្ធការឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅភ្នំពេញ

រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសរកឃើញទីតាំងរហូតដល់ ៦៣កន្លែង ដែលពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ»។

ផ្តើមពីបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ រួសរាន់ទៅយកសំណាក និងធ្វើចត្តាឡីស័ក ឲ្យបានទាំងអស់គ្នា។

គិតត្រឹមល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តរកឃើញទីតាំង ដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» រហូតដល់ ៦៣ទីតាំងហើយ។

ជាមួយនឹងការឃើញទីតាំងជាប់ពាក់ព័ន្ធ បានកើនឡើងជាលំដាប់នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ដែលធ្លាប់ចេញចូលទីតាំងទាំង ៦៣កន្លែងនេះ ទាក់ទងទៅលេខ ១១៥ ឬលេខទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ដើម្បីមកធ្វើតេស្តរកកូវីដ-១៩ និងធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវទាំងអស់គ្នា។

សូមជម្រាបថា ក្រសួងសុខាភិបាលបានអំពាវនាវ និងក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស និងជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវប្រកាន់យក នូវការប្រុង ប្រយ័ត្នខ្លួន ជាប់ជានិច្ច គ្រប់គ្រងក្រុមគ្រួសារឲ្យបានល្អ និងចូលរួមអនុវត្តវិធានការការពារខ្លួន ឲ្យបានខ្ជាប់ខ្លួនគ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង