ក្រសួងព័ត៌មានដកអាជា្ញប័ណ្ណកាសែត Angkor Today ខណៈក្រសួងមហាផ្ទៃ សម្រេចបណ្តេញនាយកសារព័ត៌មាន ជនជាតិចិនរូបនេះ ចេញពីកម្ពុជា និងបិទមិនឲ្យវិលមកកម្ពុជាវិញទេ..!

រាជធានីភ្នំពេញ៖ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេច​បណ្តេញ លោក Shen Kaidong ​ជនជាតិចិន និងជានាយកសារព័ត៌មាន Angkor Today ចេញពីប្រទេសកម្ពុជា ខណៈក្រសួងព័ត៌មាន ក៏បានសម្រេចដកហូតអាជា្ញប័ណ្ណ នៃការបើកធ្វើអាជីវកម្ម របស់កាសែត Angkor Today ក្រោយចុះផ្សាយព័ត៌មានបំភ្លៃការពិតថា ប្រទេសកម្ពុជា បានលក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយ របស់រដ្ឋាភិបាល​ចិន..។

សេចក្តីសម្រេច ​របស់ក្រសួងមហាផ្ទៃ និងប្រកាស របស់ក្រសួងព័ត៌មាន ខាងលើនេះ បានធ្វើឡើងព្រមៗគ្នានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា ​លោក SHEN KAIDONG ជនជាតិចិន ជានាយកសារព័ត៌មាន Angkor Today ដែលមានទីស្នាក់ការនៅខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ក្រោយផ្សព្វផ្សាយជាភាសាចិន តាមប្រព័ន្ធ WeChatថា «កម្ពុជាលក់វ៉ាក់សាំងការ​ពារកូវីដ-១៩ របស់ចិនក្នុងតម្លៃ១២០ដុល្លារ»។

ចំពោះការផ្សព្វផ្សាយខាងលើនេះ ក៏ត្រូវបានមន្ត្រីអ្នកនាំពាក្យក្រសួងសុខាភិបាល គឺលោកស្រី ឱ វណ្ណឌីន បានប្រកាសច្រានចោលផងដែរ កាលពីសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ​របស់សារព័ត៌មានអនឡាញ Angkor Today ដែលផ្សព្វផ្សាយថា «កម្ពុជា លក់វ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់ចិន»។

លោកស្រីបន្តថា ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់ចិននៅកម្ពុជា គឺសម្រាប់ចាក់ឱ្យក្រុមមនុស្សអាទិភាព ដែលមាននៅក្នុងសេចក្តីប្រកាស របស់ក្រសួងសុខាភិបាល សិនប៉ុណ្ណោះ។ បន្ថែមពីនេះ លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាល ​ក៏បានអំពាវនាវដល់អាជ្ញាធរ មានសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ជួយមានវិធានការទៅលើការចុះផ្សាយ របស់សារព័ត៌មាន Angkor Today ខាងលើនេះ ព្រោះ​បាន​ធ្វើឱ្យប្រជាពលរដ្ឋ មាន​ការភ័ណ្ឌច្រឡំធ្ងន់ធ្ងរ៕

អត្ថបទដែលជាប់ទាក់ទង