​ក្រសួងសុខាភិបាល រក​ឃើញ​ជនជាតិ​ចិន ៦​នាក់​ទៀត ​ស្នាក់​នៅ​ខេត្ត​ព្រះសីហនុ​ឆ្លង​​ជំងឺ​កូវីដ​-១៩

រាជធានីភ្នំពេញ៖ ​​ក្រសួង​សុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១នេះបង្ហាញថា ក្រសួង​​រក​ឃើញ​ជនជាតិ​ចិនចំនួន ០៦​នាក់​ទៀត ស្នាក់​នៅ​ខេត្ត​ព្រះសីហនុ បាន​​ឆ្លងជំងឺ​កូវីដ​-១៩ (Covid-19) ​បន្ទាប់​ពី​ពួកគេ​ បានមក​ធ្វើ​តេស្ត ដើម្បី​​យក​វិញ្ញាបនបត្រ​​បញ្ជាក់​សុខភាព មុន​នឹង​ចាកចេញ​ពី​កម្ពុជា ឆ្ពោះ​ទៅកាន់​ប្រទេស របស់​ខ្លួន​វិញ។

ក្រសួងសុខាភិបាល បាន​បញ្ជាក់ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន ​របស់​ខ្លួនថា ជនជាតិចិនទាំង​ ០៦​នាក់​ខាងលើនេះ មិនមែន​ជា​អ្នក​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី ដែលពាក់​ព័ន្ធ​នឹង «​ព្រឹត្តិការណ៍សហគមន៍ ២០​កុម្ភៈ» ដែល​កំពុង​ឆ្លង​រីករាលដាល​ខ្លាំង ​នៅ​រាជធានី​ភ្នំពេញ រយៈ​ពេល ០៥​ថ្ងៃ​ចុង​ក្រោយ​នេះ​ទេ។ ប៉ុន្តែ ក្រសួងសុខាភិបាល ​ក៏​មិនបាន​បញ្ជាក់​ថា ពួកគេ​ជា​អ្នក​ស្នាក់​នៅ​ខេត្ត​ព្រះសីហនុ​ តាំង​ពី​ពេល​ណា និង​ជា​អ្នក​ទេសចរ ចូល​មក​កម្ពុជា ​តាំង​ពី​ពេលណានោះដែរ។

យ៉ាងនេះក្តី គេហទំព័រសារព័ត៌មាន «​កម្ពុជា​ថ្ងៃ​នេះ» នៅ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នក​ស្រី ឱ វណ្ណឌីន បាន​នៅឡើយទេ នៅ​ព្រឹក​ថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី២៣ ខែកុម្ភៈ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ បាន​ជូន​ដំណឹង​ពី​ករណី​អ្នក​ឆ្លង​កូវីដ​ជា​ជនជាតិ​ចិន ០២​នាក់ ដែលបានធ្វើ​ដំណើរមកពីរាជធានីភ្នំពេញ ចូលមក​ខេត្ត​ទេសចរ​មួយ​នេះ កាល​ពី​ថ្ងៃ​ទី១៦ និង​ថ្ងៃ​ទី២០ ខែកុម្ភៈ។ ក្រោយ​រក​ឃើញវិជ្ជមានមេរោគកូវីដ-១៩ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ​ក៏​បាន​​ផ្អាក​ដំណើរការ​សណ្ឋាគារ ​ដែល​អ្នក​ជំងឺ​ស្នាក់នៅ និង​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ ​ក្នុង​ខេត្ត​នេះ​ មក​ធ្វើតេស្ត​រក​មេរោគ​កូវីដ-១៩ ដោយ​ស្ម័គ្រចិត្ត និង​ឥត​លាក់លៀម ឱ្យ​ទាន់​ពេល។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ អ្នក​ឆ្លង​ជំងឺ​កូវីដ-​១៩ នៅ​ខេត្ត​ព្រះសីហនុ​មានចំនួន ៤៨​នាក់ ដោយ​ជា​សះស្បើយ ៤០​នាក់ និង ០៨​នាក់​ ចុង​ក្រោយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នេះ។ ចំណែក​តួលេខ ​អ្នក​ឆ្លង​សរុប​ទូទាំង​ប្រទេស​មាន ៦៩៧នាក់ ខណៈ​អ្នក​ជា​សះស្បើយ​មានចំនួន ៤៧៧នាក់ និង​២១៧នាក់ កំពុង​សម្រាក​ព្យាបាល៕

អត្ថបទដែលជាប់ទាក់ទង