នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ​៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ, អាណាព្យាបាលថា បទល្មើសផ្សេងៗមិនទាន់មានសញ្ញាថយចុះទេ ​ក្នុងក្រុងទេសចរណ៍មួយនេះ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នៅចំណុចការដ្ឋានសំណង់ ដែលទុកចោល ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីលួចម៉ូតូ។

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង ០៣នាក់ រួមមាន៖ ឈ្មោះ មាន សុភ័ណ្ឌ ហៅភ័ណ្ឌ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ និងមានស្រុកកំណើតភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ ហើយ បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្ដុំសាលាឡាយ៍ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ឈ្មោះ គឿន សំរុង ហៅសំរុង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិកំពង់ក្ដី ឃុំរំលេច ស្រុកបាកាន។ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ននៅការដ្ឋានសំណង់ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ឈ្មោះ សុខ ជាតិ ហៅជាតិ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរចាំដីឲ្យគេ មានស្រុកកំណើតភូមិរបោះខ្ទុំ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្ដកំពត។ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួលស្ថិតក្នុងក្រុម១៩ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ច បានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូចំនួន ០៣គ្រឿង ជាផលនៃអំពើលួច មានម៉ូតូម៉ាក Honda Clik ពណ៌ក្រហម សេរីឆ្នាំ២០១៧, ម៉ូតូម៉ាក C-១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦, ម៉ូតូម៉ាក Exciter ពណ៌ខៀវ និងគ្រឿងបន្លាស់មួយចំនួន។

សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ឈ្មោះ វន វុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្តីពីករណីបាត់ម៉ូតូ ០១គ្រឿង ម៉ាកHonda Click ពណ៌ក្រហម ផលិតឆ្នាំ២០១៧ លេខតួ០១០៦១៥៥ លេខម៉ាស៊ីន ៥៥០៦១៥៥ (គ្មានស្លាកលេខ) ដែលចតទុកក្នុងការដ្ឋានសំណង់ ស្ថិតក្នុងក្រុមទី៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយគាត់ក៏ចូលដេកលង់លក់ក្នុងការដ្ឋាននោះ លុះភ្ញាក់ដឹងខ្លួនឡើងវេលាម៉ោង ៥:០០នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក៏ស្រាប់តែបាត់ម៉ូតូ របស់ខ្លួន​តែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង​០៣នាក់ និងវត្ថុតាង ត្រូវកម្លាំងជំនាញនាំមកកាន់ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីសាកសួរ និងឈានដល់កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមនីតិវិធី។

ទាក់ទិនបទល្មើសនេះ ទាំងក្រុមអ្នកឃ្លាំំមើលផែនការអភិវឌ្ឍសង្គម និងអាណាព្យបាល រស់នៅក្រុងព្រះសីហនុ បានអះអាងថា មុខសញ្ញាបទល្មើសផ្សេងៗ រួមមាន៖ បទល្មើសជួញដូរ ឬប្រើប្រាស់គ្រឿងញៀន, បទល្មើសចោរលួច ឆក់ ប្លន់ប្រដាប់អាវុធ និងចាប់ជំរិតមនុស្សទារប្រាក់ជាដើម ហាក់មិនទាន់មានសញ្ញាថយចុះទេ នៅមូលដ្ឋានខេត្តទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ ដែលទាមទារឲ្យកម្លាំងជំនាញស្ថាប័នពាក់ព័ន្ធ រួមមាន៖ កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុជាដើម ត្រូវបង្កើនសកម្មភាពចុះល្បាត ឬប្រចាំការឲ្យបានជាប្រចាំទាំងយប់ថ្ងៃ..៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង