លោក ប្រាក់ ភី មេឃុំស្រអែម រងការចោទថា រំលោភយកដីអនុក្រឹត្យអភិវឌ្ឍន៍គ្រួសារកងទ័ព ដែលសម្តេច ហ៊ុន សែន ផ្តល់ជូន

ខេត្តព្រះវិហារ៖ ប្រភពព័ត៌មានមួយចំនួនចេញពី ក្រុមយោធាកងពលតូចលេខ៨ បានចោទ លោក ប្រាក់ ភី មេឃុំស្រអែម ថាកំពុងប្រើអំណាច របស់ខ្លួន រំលោភយកដី សម្រាបអភិវឌ្ឍគ្រួសារយោធា នៃកងពលតូចលេខ៨ អស់ជាច្រើនហិចតា ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយយកឈ្មោះប្រជាពលរដ្ឋ ដែលត្រូវជាបក្ខពួករបស់ខ្លួន មកឈរឈ្មោះជំនួស ដើម្បីគេចវេសពីការចោទប្រកាន់  ឬការរិះគន់។

ប្រភពដដែលបន្តថា ដីអនុក្រឹត្យអភិវឌ្ឍគ្រួសារកងទ័ព រាប់សិបហិចតា ដែលត្រូវ លោក ប្រាក់ ភី រំលោភយកនោះ មានទីតាំងនៅចំណុចប្រាសាទដប់ ស្ថិតក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្តខេត្តព្រះវិហារ។

ប្រភពពីមន្ត្រីយោធា កំពុងបំរើការនៅកងពលតូចលេខ៨ បានឲ្យដឹងថា ទីតាំងដីដែល លោក ប្រាក់ ភី រំលោភយកធ្វើជាកម្មសិទ្ធិខាងលើនេះ គឺជាដីសម្រាប់អភិវឌ្ឍន៍គ្រួសារកងទ័ព តាមអនុក្រឹត្យលេខ (២០៣) អ ន ក្រ ប ក ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ ដែលមានផ្ទៃដីសរុប (៦០៤៨) ហិចតា ទុកចែកជូនកងទ័ពចំនួន ១៧០០គ្រួសារ។

ប្រភពដដែលបញ្ជាក់ថា មិនគួរណា លោក ប្រាក់ ភី មេឃុំស្រអែម បែរជាហ៊ានរំលោភយកដីអនុក្រឹត្យ ដែលសម្រេចដោយ ប្រមុខដឹកនាំរដ្ឋាភិបាល អស់រាប់សិបហិចតា ខណៈក្រុមយោធាកងពលតូចលេខ៨ ដែលមានឈ្មោះត្រូវទទួលរបបដីខាងលើនេះ កំពុងជាប់រវល់ ចេញទៅបំពេញបេសកកម្មការពារព្រំដែនកម្ពុជា-ថៃ។

ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិឃុំស្រអែម បានឲ្យដឹងដែរថា បរិវេណដីដែល លោក ប្រាក់ ភី ដណ្តើមយកពីគ្រួសារកងទ័ពនោះ គឺបុគ្គលរូបនេះ មិនដែលចេញមុខទេ គឺគេប្រើឲ្យពលរដ្ឋផ្សេងទៀត ដែលជាសាច់ញាតិ ឬបក្ខពួកខ្លួន ឲ្យដើរតួជំនួស ហើយលោក ប្រាក់ ភី ជាអ្នកនៅពីក្រោយខ្នង។

ជាងនេះទៀត ប្រភពបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក ប្រាក់ ភី បានប្រកាសលក់ដីនោះជាង ៣០ហិចតា ដោយក្នុង ០១ហិចតា ៗ មានតម្លៃ ៣០០០ដុល្លារអាមេរិក។

ទោះជាបែបនេះក្តី គេហទំព័រ”កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចទាក់ទង លោក ប្រាក់ ភី មេឃុំស្រអែម ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ខាងលើបានទេ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ប៉ុន្តែយោងតាមការចុះផ្សាយ របស់បណ្តាញសារព័ត៌មានមួយចំនួន លោក ប្រាក់ ភី មេឃុំស្រអែម បានឆ្លើយបដិសេធន៍ថា រូបលោកមិនបានយកដីកងទ័ព នៅទីតាំងខាងលើ ដូចការចោទប្រកានទេ។ ប៉ុន្តែផ្ទុយទៅវិញ គឺមានតែខាងយោធាកងពលតូចលេខ៨ ទៅវិញទេ ដែលបានមករំលោភយកដីកម្មសិទ្ធិ របស់លោក។

លោក ប្រាក់ ភី បន្តថា ដីដែលរូបលោក គ្រប់គ្រងរាល់ថ្ងៃនេះ គឺមានចន្លោះពី ៤ ទៅ ៥ហិចតាតែប៉ុណ្ណោះ ហើយជាកេរ្តិ៍អាករតាំងពីរូបលោក ធ្វើជាអនុភូមិមកម៉្លេះ។ ហើយថា ដីប៉ុន្មានហិចតានេះ ក៏ត្រូវលោក ក្តាម និងឯកឧត្តម លី ស៊ុន មេកងពលខាងលើនេះ បានសុីញ៉េ ប្រគល់ជូនរូបលោករួចហើយដែរ គឺតាំងពីឆ្នាំ២០១២មកម៉្លេះ៕ ប្រភព៖ បាយ៉ង់ថែមស៍

អត្ថបទដែលជាប់ទាក់ទង