ពលរដ្ឋប្រមូលផ្តុំគ្នា​សារជាថ្មី​ទៀត ​ស្នើ​ដល់​អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ​ ឲ្យបន្ថយការពង្រីកទំហំផ្លូវ និងស្នើ​រស់នៅទីតាំង​ជាប់របងមន្ទីរពេទ្យដដែល!

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ​មួយចំនួន ​ដែលមានលំនៅដ្ឋានតាមផ្លូវ​ជាប់របង មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ​ ស្ថិតក្នុងសង្កាត់​លេខ៤​ ក្រុងព្រះសីហនុ​ បានប្រមូលផ្តុំគ្នា​​សារជាថ្មីម្តងទៀត នៅ​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ​ក្នុងគោលបំណងស្នើ​ដល់ អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ​ ឲ្យកាត់បន្ថយការ​ស្ថាបនាពង្រីកទំហំផ្លូវធំពេក ព្រោះនាំឲ្យប៉ះពាល់ដល់លំនៅដ្ឋាន របស់ពួកគាត់ធ្លាប់រស់នៅ និងប្រកបអាជីវកម្មជាយូរឆ្នាំកន្លងមកហើយ។ ព្រមជាមួយគ្នានោះ ក្រុមប្រជាពលរដ្ឋមួយចំនួននោះ គឺពួកគាត់ បានស្នើសុំអាជ្ញាធរ រដ្ឋបាលខេត្តព្រះសីហនុ រស់នៅលើទីតាំង​ចាស់ដដែល ដោយពុំចាំបាច់មានរុះរើលំនៅដ្ឋាន​។

ទាក់ទិនបញ្ហានេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង​ចុងក្រោយ ជម្រាបជូនប្រជាពលរដ្ឋទាំងអស់ ដែលមានលំនៅដ្ឋាន ឬកន្លែងបើកធ្វើអាជីវកម្ម នៅ​តាមផ្លូវជាប់របង នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលប៉ះពាល់ដល់ចំណីផ្លូវសាធារណៈ តម្រូវឲ្យរុះរើសំណង់ទាំងនោះ ចេញទីតាំង របស់ខ្លួនឲ្យអស់កំណត់ ត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១​។

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ក៏បានព្រមាន​ថា ​​នឹងអនុវត្តន៍វិធានការរដ្ឋបាល តាមផ្លូវច្បាប់ ក្នុងករណីប្រជាពលរដ្ឋ និងអ្នកជាប់ពាក់ពន្ធ័ទាំងឡាយណា ដែលមិនអនុវត្តន៍តាមសេចក្តីជូនដំណឹងខាងលើនេះទេ៕

អត្ថបទដែលជាប់ទាក់ទង