នគរបាលស្រុកព្រៃនប់ បញ្ជូនខ្លួនជនល្មើស២នាក់ ទៅតុលាការផ្តន្ទាទោស ក្រោយធ្វើសកម្មភាពលួចម៉ូតយ៉ាងសកម្ម នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ!
ខេត្តព្រះសីហនុ៖ កម្លាំង នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ច ជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ក្រោយពួកគេ បានធ្វើសកម្មភាពលួចកាច់បំបាក់សោរកម៉ូតូ (លួចម៉ូតូ) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង ០២នាក់ មានឈ្មោះ អាន សុថាន់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្ន ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងឈ្មោះ យិន ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្ន ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបញ្ជាក់ថា នៅម៉ោង ០៣យប់ទៀបភ្លឺ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ជនសង្ស័យទាំង ០២នាក់ខាងលើ បានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាកហុងដាវុីសិន ពណ៍ស គ្មានផ្លាកលេខ របស់ជនជាតិចិន ឈ្មោះ PanShoa Fang ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរបុគ្គលិករោងចក្រអគ្គីសនី ស្នាក់នៅតំបន់សេដ្ឋកិច្ចពិសេស ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ យកទៅលក់ នៅរាជធានីភ្នំពេញ។ ប៉ុន្តែក្រោយលក់រួច ហើយពេលត្រឡប់មកកន្លែងស្នាក់នៅវិញ ក៏ត្រូវបានសមត្ថកិច្ច កំណត់មុខសញ្ញាចុះចាប់ឃាត់ខ្លួនតែម្តង។
បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ រួមទាំងវត្ថុតាង ត្រូវសមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីផ្តន្ទាទោសតាមច្បាប់៕ ដោយ៖ ហ្វារីត

