លោក ជាម ហ៊ីម និងលោក គួច ចំរើន ធ្វើជាអធិបតីនៃពិធីប្រកាសមុខតំណែង មន្ត្រីរាជការសាលាខេត្តព្រះសីហនុ!

ខេត្តព្រះសីហនុ៖ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ លោក ជាម ហ៊ីម និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសមុខតំណែងមន្ត្រីរាជការ បំរើការងារនៅសាលាខេត្តព្រះសីហនុ។

ពិធីនេះរៀបចំឡើង កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ នាសាលប្រជុំ របស់សាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកស្រីអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកនាយក នាយករងទីចាត់ការ និងប្រធានការិយាល័យចំណុះ ឲ្យសាលាខេត្តព្រះសីហនុ។

ដីកាស្ដីពីការតែងតាំង និងការផ្ទេរភារកិច្ចមន្ត្រីរាជការ សាលាខេត្តព្រះសីហនុលេខ ០០៦/២១ដក សម្រេចតែង តាំង និងផ្ទេរភារកិច្ចមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធសាលាខេត្ត ដូចមានរាយនាមខាងក្រោម៖

១- លោក ឌឹម វី ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ ជានាយកទីចាត់ការរដ្ឋបាល ឲ្យទទួលមុខតំណែងជានាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ។

២- លោក ជា បាឈុន ឋានន្តរស័ក្តិនាយក្រមការដើមខ្សែ ថ្នាក់លេខ៣ ជាប្រធានអង្គភាពច្រកចេញចូលតែមួយ ត្រូវបានផ្ទេរភារកិច្ចទៅជានាយកទីចាត់ការរដ្ឋបាលសាលាខេត្តព្រះសីហនុ។

៣- លោកស្រី ម៉ាក សំណាង ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ជានាយិការងទីចាត់ការគ្រប់គ្រងធនធានមនុស្ស ឲ្យទទួលមុខតំណែងជាប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្តព្រះសីហនុ។

៤- លោក ស៊ាន ដានីន ឋានន្តរស័ក្ដិអនុមន្ត្រីថ្នាក់លេខ២ ជាមន្ត្រីការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់ ឱ្យទទួលមុខតំណែងជាប្រធានការិយាល័យកិច្ចការច្បាប់ និងសុវត្ថិភាពសាធារណៈ ទីចាត់ការអន្តរវិស័យ នៃរដ្ឋបាលខេត្តព្រះសីហនុ។

នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការប្រកាសមុខតំណែងមន្ត្រីរាជការសាលាខេត្តនាពេលនេះ គឺជាការសម្រួលមន្ត្រីរាជការក្នុងសាលាខេត្តព្រះសីហនុ ដែលបានបំពេញការងារដោយយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ជាពិសេសការពិនិត្យទៅលើលទ្ធផលការងារ លក្ខខណ្ឌមន្ត្រីក្នុងអង្គភាពខេត្តនេះ។ ជាពិសេស ចំពោះការតំឡើងតួនាទីនាយកទីចាត់ការរដ្ឋបាល ជានាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ, ប្រធានអង្គភាពច្រកចេញ-ចូលតែមួយ ជានាយកទីចាត់ការរដ្ឋបាល និងលោកស្រីនាយករងទីចាត់ការធនធានមនុស្ស ជាប្រធានអង្គភាពច្រកចេញ-ចូលតែមួយសាលាខេត្តព្រះសីហនុ​។

លោក គួច ចំរើន បន្តថា ដោយពិនិត្យឃើញ​ថា ការកែសម្រួលមន្ត្រីរាជការសាលាខេត្ត ដើម្បីភាពជោគជ័យ សម្រាប់អង្គភាពរបស់យើង ដែលបានបំពេញការងារប្រកបដោយជោគជ័យ ធានាបានគុណភាព ប្រកបដោយតម្លាភាព សម្រាប់មន្ត្រីបន្តវេន​។ ដូច្នេះ មន្ត្រីរបស់យើង ត្រូវមានគុណតម្លៃ និងកិច្ចសហប្រតិបត្តិការឱ្យបានល្អក្នុងអង្គភាពផ្តល់កិច្ចសហការគ្នា គាំទ្រដំណើរការក្នុងទីចាត់ការនីមួយៗ ហើយអ្នកដែលយើង បានជ្រើសរើសប្រកាសមុខតំណែង ត្រូវខិតខំបំពេញការងារឱ្យទទួលបានជោគជ័យផ្អែកលើលទ្ធផលបំពេញការងារជាក្រុម សាមគ្គីភាពផ្ទៃក្នុងដឹកនាំក្នុងអង្គភាព។ មន្ត្រីក្នុងអង្គភាពច្រកចេញ-ចូលតែមួយ ត្រូវមានគណនេយ្យភាពប្រកបដោយឆន្ទ: ចូលរួមបំពេញការងារតាមតួនាទីភារកិច្ច ឱ្យទទួលបានជោគជ័យក្នុងអង្គភាពខ្លួន ដើម្បីបំរើសេវាសាធារណៈ ជូនអតិថិជនកាន់តែទទួលខុសត្រូវខ្ពស់ ធានាបានការគាំទ្រពីមហាជនក្នុងខេត្តព្រះសីហនុ​៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង