រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវសហការជាមួយក្រសួងពេលបើកសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជំនាញផ្នែកសារព័ត៌មាន..

រាជធានីភ្នំពេញ៖ ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹងចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០២១ ចុះហត្ថលេខាដោយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជម្រាបជូនទៅលោកលោកស្រី ដែលជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងប្រធានអង្គការ សមាគមអ្នកសារព័ត៌មានទាំងអស់ ឲ្យ​ជ្រាបថា ចំពោះរាល់ការរៀបចំធ្វើសិក្ខាសាលា និងបើកវគ្គបណ្តុះបណ្តាលជំនាញផ្នែកសារព័ត៌មាន ជូនទៅដល់អ្នកសារព័ត៌មាន ដែលកំពុងបំពេញការងារលើវិស័យព័ត៌មាន និងជាពិសេសក្រុមយុវជន ដែលមានបំណងចង់បំពេញការងារលើវិស័យព័ត៌មាន ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែពុំទាន់មានកិច្ចសហការជាមួយក្រសួង ស្ថាប័នជំនាញ​ពាក់ព័ន្ធ ដើម្បីធ្វើការអប់រំ បណ្តុះបណ្តាល ឲ្យបានត្រឹមត្រូវតាមក្រឹតក្រមក្បួនខ្នាតក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន​នៅឡើយទេ។

ផ្តើមពីបញ្ហានេះ ក្រសួងព័ត៌មាន ​ជម្រាបជូនលោកលោកស្រី ដែលជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ឲ្យបានជ្រាបថា ដើម្បីធ្វើការអប់រំ បណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សលើវិស័យសារព័ត៌មាន ឲ្យចំគោលដៅ មានគុណភាព និងមានការទទួលខុសត្រូវក្នុងការបំពេញការងារ ជាអ្នកសារព័ត៌មាន ដែលមានវិជ្ជាជីវៈ ព្រមទាំងលើកស្ទួយសិទ្ធិ សេរីភាពខាងសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មាន ក្រសួងព័ត៌មាន សូមធ្វើការណែនាំដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ និងអង្គការ សមាគមអ្នកសារព័ត៌មាន ដែលមានបំណងរៀបចសិក្ខាសាលា ឬបើកវគ្គបណ្តុះបណ្តាលលើវិស័យសារព័ត៌មាន ក្រៅពីអង្គភាព របស់ខ្លួន ត្រូវជូនដំណឹងជាមុនមកក្រសួងព័ត៌មាន ដើម្បីមានកិច្ចសហការជាមួយក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ ធ្វើការអប់រំ បណ្តុះបណ្តាលលើវិស័យសារព័ត៌មាន ដ៏មានសារសំខាន់នេះ កាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ថែមទៀត។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ ក្រសួងព័ត៌មាន មានជំនឿថា លោកលោកស្រី ដែលជាម្ចាស់ប្រ័ពន្ធផ្សព្វផ្សាយ និងអង្គការ សមាគមអ្នកសារព័ត៌មានទាំងអស់ នឹងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕ ដោយ៖ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង