ទោះជារវល់បែបណាក៏ លោកឧកញ៉ា ទៀ វិចិត្រ ឆ្លៀតពេលនាំយកសត្វល្មិច ឬ​អណ្តើកសមុទ្រ ​យកទៅលែងចូលសមុទ្រធម្មជាតិ សម្រាប់ផែនការអភិរក្សសត្វកម្រ របស់លោក នៅកម្ពុជា..

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុនជី.ធី.វី.ស៊ី ស្ពីដបូតកម្ពុជា (G.T.V.C, Speed Boat Cambodia) បានបន្តនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ មានទម្ងន់ធ្ងន់មួយក្បាលទៀត យកទៅលែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ ដើម្បីធ្វើការអភិរក្ស បន្ទាប់ពី​បានទទួលសត្វកម្រមួយក្បាលនេះ ពីប្រជានេសាទ បាននាំយកមកប្រគល់ជូនរូបលោក។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការនាំយកសត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលនេះ យកទៅលែងចូលសមុទ្រធម្មជាតិលើកនេះ គឺជាលើកទី១២៤ហើយ ដែលរូបលោក​បាន​លែងចូលសមុទ្រឲ្យរស់នៅតាមបែបធម្មជាតិ របស់សត្វប្រភេទនេះ សម្រាប់​ផែនការអភិរក្សត្វកម្រនៅកម្ពុជា..។

​លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងដូច្នេះ រួច​​បានថ្លែងអំណរគុណ​ដល់បង​ប្អូនប្រជានេសាទសមុទ្រ ដែលជាបន្តបន្ទាប់មកនេះ តែងបានចូលរួមសហការនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ មកប្រគល់ជូនរូបលោក ក្រោយ​ពួកគាត់ធ្វើនេសាទបាន ដើម្បីយកទៅលែង ឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ។

បន្ថែមលើនេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់សហគមន៍ មន្ត្រីរាជការគ្រប់ស្ថាប័ន ជាពិសេសអ្នកនេសាទសមុទ្រ សូមបន្តជួយការពារអភិរក្សសត្វល្មិច ឬអណ្តើកសមុទ្រ ឲ្យបានគង់វង្សទាំងអស់គ្នា ដោយកុំសម្លាប់យកធ្វើជាអាហារ ឬកុំនាំយកសត្វកម្រប្រភេទនេះ ដើម្បី​ធ្វើអាជីវកម្មផ្សេងៗជាដើម..៕

អត្ថបទដែលជាប់ទាក់ទង