នគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនជនជាតិចិនម្នាក់ មានកាំភ្លើងខ្លីជាប់ខ្លួន..

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យម្នាក់ ជាជនជាតិចិន បន្ទាប់ពីមានប្រជាពលរដ្ឋបានរាយការណ៍ថា បានឃើញបុរសជនជាតិចិននោះ កាន់អាវុធខ្លី០១ដើម ដោយជិះរថយន្ត​ ០១គ្រឿង​ ម៉ាក​ LEXUS RX៣០០ ស្លាកលេខ ភ្នំពេញ​ ២AZ-៦៣៤៩ នៅចំណុចអូរត្រេះ២ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបន្តថា ជនសង្ស័យមានឈ្មោះ XIAO DI KUN ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរទិញលក់ឥវ៉ាន់មួយទឹក បច្ចុប្បន្នស្នាក់នៅ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ អាវុធខ្លី ០១ដើម ម៉ាក RETAY X Pro ពណ៌ខ្មៅ មានលេខសម្គាល់ៈ ១៨០៩០៤០៥៣, គ្រាប់កាំភ្លើង ០៤គ្រាប់។

សមត្ថកិច្ច បញ្ជាក់ថា បន្ទាប់ពីទទួលបានការរាយការណ៍ពីពលរដ្ឋ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះទៅដល់ទីតាំងខាងលើ ស្រាប់តែជនសង្ស័យ បានជិះរថយន្តគេចខ្លួន ហើយសមត្ថកិច្ចស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ នៅផ្ទះសំណាក់មួយកន្លែង​ ស្ថិតនៅចំណុចអូរត្រេះ២​ និងបានបន្តការរុករក ទេីបរកឃើញកាំភ្លើងដែលជនសង្ស័យយកទៅលាក់ទុកក្នុងថូផ្កាក្នុងបរិវេណផ្ទះសំណាក់។ រីឯបង់កាំភ្លើង ជនសង្ស័យបានបោះចោលក្នុងទឹកព្រែក មុនពេលសមត្ថកិច្ចឃាត់ខ្លួន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង