ជនជាតិចិនប្រើហិង្សាកាប់ចាក់គ្នា ផ្អើលក្រុងព្រះសីហនុទៀតហើយ..

ខេត្តព្រះសីហនុ៖ សមត្ថិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិនចំនួន ០១នាក់ នៅសណ្ឋាគារមួយកន្លែង ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតចាក់បណ្តាលឲ្យរងរបួសធ្ងន់) ខណៈពេលជនរងគ្រោះជាជនជាតិចិនដូចគ្នា កំពុងដើរតាមផ្លូវ។

សមត្ថកិច្ចបន្តថា ជនសង្ស័យមានឈ្មោះ Zhang Xian Jin ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ចំណែកជនរងគ្រោះឈ្មោះ Liu Lei ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ កាំបិតស្នៀត១ដើម (ឧបករណ៍ធ្វើសកម្មភាព), ថ្នាំW.Y សង្ស័យសារធាតុញៀន ចំនួន១៨គ្រាប់, ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ៩កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង ,ថង់សម្រាប់វេចខ្ចប់មួយចំនួន។

សមត្ថកិច្ចបញ្ជាក់ថា តាមចម្លើយសារភាព របស់ជនសង្ស័យ ដើមហេតុឈានដល់ការចាក់ជនរងគ្រោះដោយសារ ជនរងគ្រោះមានទំនាក់ទំនងជាមួយសង្សារបស់ខ្លួន ហើយរូបគេខឹង ទើបយកកាំបិតចាក់ទៅលើជនរងគ្រោះតែម្តង។

បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅគ្លីនីក ចិនមួយកន្លែង មានទីតាំងស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

រីឯជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង