ក្រសួងសុខាភិបាល នឹងទទួលវ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួន៣២៤,០០០ដូស ពីប្រទេសឥណ្ឌា នៅថ្ងៃទី០២ ខែមីនា

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសព័ត៌មាន នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅប្រទេសឥណ្ឌា ចំនួន ៣២៤,០០០ដូស នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។

ក្រសួងបញ្ជាក់ថា វ៉ាក់សាំងខាងលើនេះ នឹងដឹកមកដល់ប្រទេសកម្ពុជា នៅម៉ោង ៧ និង៥០នាទីយប់ ហើយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានការចូលរួមពី លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Mrs. Dr. Li Ailan) តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា និងលោកស្រី Ms. Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា ក៏ដូចជាមាន វត្តមានចូលរួមពីមន្ត្រីជាន់ខ្ពស់ របស់ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងយូនីសេហ្វជាច្រើនទៀតចូលរួម។

ក្រសួងសុខាភិបាល ឲ្យដឹងបន្តថា ចំនួនវ៉ាក់សាំង ដែលនឹងមកដល់កម្ពុជា នៅដើមខែមីនានេះ គឺជាវ៉ាក់សាំងដំបូង ដែលផ្តល់ជំនួយដល់កម្ពុជាពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ហើយបរិមាណវ៉ាក់សាំង ដទៃទៀត នឹងបន្តដឹកមកកម្ពុជា នៅពេលក្រោយទៀតក្នុងឆ្នាំ២០២១នេះ៕

អត្ថបទដែលជាប់ទាក់ទង