រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវដល់អ្នកបានទៅផ្សារទំនើបដារុនហ្វា ជិតរង្វង់មូលតោពីរ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ត្រូវទៅធ្វើតេស្តជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្ត ពីស្ត្រីជនជាតិចិន ឈ្មោះ CHEN XIANGHAN អាយុ២៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ED9010564 ដោយលទ្ធផលតេស្តមាន វិជ្ជមានវីរុសកូវីដ-១៩។

ផ្តើមពីបញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្រ្តីជនជាតិចិន ឆ្លងជំងឺកូវីដ-១៩ខាងលើនេះ បានទៅហូបស៊ុប និងដើរទិញទំនិញ នៅផ្សារទំនើបដារុនហ្វា (ដំរី៥ជិតរង្វង់មូលតោពីរ) ស្ថិតនៅផ្លូវ២០០ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

អាស្រ័យដូចបានជូនដំណឹងខាងលើ រដ្ឋបាលខេត្តព្រះសីហនុ សូមអញ្ជើញបងប្អូន ដែលមានរោគសញ្ញា ដូចជា៖ គ្រុនក្តៅ ក្អក កណ្តាស ឈឺបំពង់ក ឬពិបាកដកដង្ហើម និងធ្លាប់ចេញចូលនៅផ្សារទំនើបដារុនហ្វា (ដំរី៥ជិតរង្វង់មូលតោពីរ) ចាប់ពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១​ សូមអញ្ជេីញទៅធ្វើតេស្ត នៅទីតាំងសាលាបឋម និងអនុវិទ្យាល័យតេជោសែនកម្មករ ឱ្យបានឆាប់បំផុត។

ដោយឡែក ចំពោះបុគ្គល ដែលមិនមានរោគសញ្ញាសូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី១៩ ខែកុម្ភ:​ ឆ្នាំ២០២១​ តទៅ ​ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង