កម្លាំង PM រាជធានីភ្នំពេញ បាញ់សម្លាប់ជនសង្ស័យ៤នាក់ ពេលធ្វើសកម្មភាពប្លន់ជំរិតជនរងគ្រោះ១លានដុល្លារ នៅបុរីអង្គរភ្នំពេញ

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យចំនួន ០៤នាក់ ត្រូវបានកម្លាំងPM បង្ក្រាប បន្ទាប់ពីជនល្មើសបានបាញ់រះមកលើសមត្ថកិច្ច ហើយត្រូវកម្លាំង PM ប្រើសិទ្ធិការពារខ្លួន ដោយបាញ់តបវិញ រហូតជនសង្ស័យទាំង០៤នាក់ បានស្លាប់ជាបន្តបន្ទាប់ នៅក្នុងភូមិគ្រិះមួយកន្លែង ស្ថិតនៅបុរីអង្គរភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ ១១ និង៣០នាទីព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ខណៈជនសង្ស័យ ចូលធ្វើសកម្មភាពជាក់ស្ដែង។

សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ផ្ទះ ដែលត្រូវជនល្មើសរៀបគម្រិងប្លន់នោះ ឈ្មោះ ម៉ៅ ហួរ អាយុ ៥៨ឆ្នាំ ជាអតីតប្រធានសាខាអគ្គីសនី ខេត្តកំពង់ចាម និងជាពាណិជ្ជករមួយរូប ដែលមានទ្រព្យស្ដុកស្ដម្ភ ពីការធ្វើជំនួញដេញថ្លៃផ្គត់ផ្គង់ អគ្គីសនី នៅតាមបណ្ដាខេត្តមួយចំនួន។

ទាក់ទិនបញ្ហានេះ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ប្រតិបត្តការខាងលើនេះ រូបលោកបានដឹកនាំកម្លាំងផ្ទាល់ ក្នុងការចុះបង្ក្រាប ដោយឧក្រិដ្ឋជនមានគ្នា ០៤នាក់ បានរៀបផែនការ ជម្រិតទារប្រាក់ពីជនរងគ្រោះ ០១លានដុល្លារអាមេរិកជាមុន ទើបបាញ់សម្លាប់ម្ចាស់ផ្ទះទាំងពីរនាក់ប្តីប្រពន្ធ និងកូនឈ្នួលចំនួន០២នាក់ទៀតជាក្រោយ។

លោកបន្តថា ក្នុងករណីប្លន់នេះ ឧក្រិដ្ឋជនទាំង ០៤នាក់ បានប្រើប្រាស់កាំភ្លើងវែងAK ០១ដើម និងកាំភ្លើងខ្លី០២ដើម បាញ់ស្រោចមកលើកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយត្រូវកម្លាំងអាវុធហត្ថ ប្រើសិទ្ធិការពារខ្លួន បាញ់តបទៅវិញ បណ្តាលឲ្យក្រុម ឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ។

ចំពោះព័ត៌មានលម្អិត នឹងផ្សាយជូនបន្ត នៅពេលសមត្ថកិច្ចផ្ដល់ព័ត៌មានពិស្តារ ក្រោយញ្ចប់ប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនខាងលើនេះ៕

អត្ថបទដែលជាប់ទាក់ទង