បិទទីតាំង៣២កន្លែងពាក់ព័ន្ធជំងឺកូវីដ​ និងដាក់សណ្ឋាគារសាកាណា សម្រាប់ព្យាលបាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសេចក្តីសម្រេចជាបន្ទាន់មួយ​ស្តីពីការដាក់ សណ្ឋាគារ, ភោជនីយដ្ឋាន, អាគារស្នាក់នៅរួម, ផ្សារទំនើប និង មន្ទីរពេទ្យឯកជន សរុបចំនួន ៣២ទីតាំង ស្ថិតនៅក្រុងព្រះសីហនុ ដែលរដ្ឋបាលខេត្តនេះ បានចេញលិខិតផ្អាកមិនឲ្យធ្វើអាជីវកម្មជាបណ្ដោះអាសន្ន ឲ្យក្លាយទៅជាមណ្ឌលចត្តាឡីស័ក ក្រោយរកឃើញមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩។ ជាងនេះទៀត ក៏បានសម្រេចដាក់សណ្ឋាគារ សាកាណា (SAKANA HOTEL) មានទីតាំងនៅផ្លូវលេខ១២២ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជាកន្លែងព្យាបាលអ្នកជំងឺកូវី៥-១៩ នៅខេត្តព្រះសីហនុ បន្ថែមពីលើទីតាំងដែលមានស្រាប់។

ទាក់ទិនបញ្ហានេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី០២ ខែមីនានេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលទីតាំងសណ្ឋាគារសាលាណា ដើម្បីរៀបចំជាកន្លែងព្យាបាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ បន្ថែមមួយកន្លែងទៀត ដោយបានតម្រូវឲ្យម្ចាស់សណ្ឋាគារខាងលើនេះ ផ្អាកមិនឲ្យទទួលភ្ញៀវដទៃមកស្នាក់នៅក្នុងសណ្ឋាគារនេះទៀតទេ។ ហើយត្រូវសហការជាមួយក្រុមការងាររដ្ឋបាលខេត្ត និងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត ដើម្បីរៀបចំទីតាំងនេះ ឲ្យមានលក្ខណៈសមស្រប ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ជាដើម។

សេចក្តីសម្រេច ចុះថ្ងៃទី០២ ខែមីនា មានចុះហត្ថលេខា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចែកជា៥ប្រការ រួមមាន៖ ក្នុងដំណាក់កាលព្យាបាលជំងឺកូវីដ-១៩ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល ដែលកំណត់ដោយក្រសួងសុខាភិបាល ដោយមិនត្រូវចាកចេញពីទីតាំងកន្លែងព្យាបាល ដោយគ្មានការអនុញ្ញាតពីមន្ត្រីសុខាភិបាលដាច់ខាត។ ត្រូវសហការផ្តល់ព័ត៌មានអំពីការប្រែប្រួលសុខភាពប្រចាំថ្ងៃរបស់ខ្លួន ដល់មន្ត្រីសុខាភិបាល និងត្រូវបំពេញកាតព្វកិច្ចផ្សេងៗទៀត តាមតម្រូវការរបស់មន្ត្រីសុខាភិបាល និងការកំណត់នៃច្បាប់ជាដើម..។

ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តព្រះសីហនុ ​​បានស្នើឱ្យ ម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងដែលត្រូវបានកំណត់ធ្វើជាកន្លែងមណ្ឌលចត្តាឡីស័ក ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមខ្លឹមសារ នៃកិច្ចសន្យាជាមួយក្រុមការងារប្រចាំការនៅតាមគោលដៅនីមួយៗរួមមាន៖

១- យល់ព្រមផ្អាកបណ្តោះអាសន្នអាជីវកម្មគ្រប់ប្រភេទតាមលិខិតជូនដំលឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ។

២- ត្រូវសហការជាមួយក្រុមការងារប្រចាំការរបស់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំបញ្ជីឈ្មោះ និងស្វែងរកភ្ញៀវ បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងទីតាំងឱ្យបានមកយកសំណាក និងធ្វើចត្តាឡីស័កឱ្យបានគ្រប់ៗគ្នា។

៣- ត្រូវរៀបចំតម្រង់ជួរភ្ញៀវឱ្យមានសណ្តាប់ធ្នាប់មិនដើររហេតរហូត មិនប៉ះពាល់គ្នា រក្សាគម្លាតសុវត្ថិភាពក្នុងពេលយកសំណាកធ្វើតេស្ត។

៤- ត្រូវណែនាំដល់ភ្ញៀវ បុគ្គលិកនិងអ្នកពាក់ព័ន្ធក្នុងពេលធ្វើចត្តាឡីស័កត្រូវអនុវត្តឱ្យបានត្រឹមត្រូវការណែនាំរបស់ក្រសួងសុខាភិបាល ដោយស្នាក់នៅដាច់ដោយឡែកពីគ្នា មិនឆ្លងបន្ទប់គ្នា មិនប៉ះពាល់គ្នា និងរក្សាភាពស្ងៀមស្ងាត់។

៥- ត្រូវយកចិត្តទុកដាក់ពិនិត្យមើលបញ្ហាសុខភាពអ្នកត្រូវធ្វើចត្តាឡីស័ក ហើយរាយការណ៍ជូនក្រុមការងារជាប្រចាំ។

៦- ត្រូវសហការជាមួយក្រុមការងារដើម្បីពិនិត្យ និងរៀបចំបាញ់ថ្នាំសម្លាប់មេរោគក្នុងទីតាំង ជុំវិញទីតាំងអគារតាមការចាំបាច់។

៧- ត្រូវវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវដើម្បីក្រុមហ៊ុនប្រមូលសំរាមដឹកជញ្ជូនយកទៅដុតកំទេចចោល។

៨- ត្រូវខិតខំស្វែងរកភ្ញៀវ បុគ្គលិក និងអ្នកពាក់ព័ន្ធជាមួយទីតាំង ដែលបានចេញទៅខាងក្រៅមុនពេលបិទទីតាំងដើម្បីយកសំណាកធ្វើតេស្ត និងធ្វើចត្តាឡីស័ក។

ចំណែក នៅក្នុងពេលធ្វើចត្តាឡីស័ក បុគ្គលដែលត្រូវធ្វើចត្តាឡីស័កទាំងអស់ ត្រូវអនុវត្តកាតព្វកិច្ចដូចខាងក្រោម៖

អនុវត្តឱ្យបានត្រឹមត្រូវ តាមវិធានការសុខាភិបាល ដែលកំណត់ដោយក្រសួងសុខាភិបាល មិនត្រូវចាកចេញពីទីកន្លែងធ្វើចត្តាឡីស័ក ដោយគ្មានការអនុញ្ញាតពីមន្ត្រីចត្តាឡីស័ក ហើយត្រូវសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីធ្វើការយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ និងផ្តល់ព័ត៌មានដល់មន្ត្រីសុខាភិបាល អំពីបុគ្គលដែលសង្ស័យថា អាចមានជំងឺកូវីដ-១៩ ឬអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ឬអ្នកដែលត្រូវធ្វើចត្តាឡីស័ក និងផ្តល់ព័ត៌មានផ្សេងទៀតតាមការចាំបាច់ ព្រមទាំងត្រូវបំពេញកាតព្វកិច្ចផ្សេងៗទៀតតាមការតម្រូវរបស់មន្ត្រីចត្តាឡីស័ក និងការកំណត់នៃច្បាប់។

​រដ្ឋបាលខេត្តព្រះសីហនុ មានជំនឿថា ម្ចាស់ទីតាំងទាំងអស់ នឹងចូលរួមសហការ ដើម្បីការពារនិងទប់ស្កាត់ជំងឺ​កូវីដ-១៩ នៃការរីករាលដាល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

សេចក្តីសម្រេច របស់រដ្ឋបាលខេត្តព្រះសីហនុ ខាងលើនេះ បានកើតឡើងបន្ទាប់ពី ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ជាបន្តបន្ទាប់ ដោយគិតត្រឹមព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥២នាក់ ត្រូវបានរកឃើញនៅខេត្តព្រះសីហនុ។

ដោយឡែកនៅថ្ងៃទី០២ ខែមីនានេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៤នាក់ និងមានករណីជាសះស្បើយម្នាក់។ ហើយថា នៅក្នុងចំណោមអ្នកឆ្លងជំងឺកូវីដថ្មីទាំង ២៤នាក់ខាងលើនេះ គឺមាន ១៧នាក់ រស់នៅខេត្តព្រះសីហនុ។ ក្នុងនោះមានជនជាតិចិន ចំនួន ១២នាក់ (ស្ត្រី០៦នាក់ និងបុរស០៦នាក់), ស្ត្រីជនជាតិវៀតណាម ០៤នាក់ និងបុរសជនជាតិខ្មែរម្នាក់។

សរុបអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ គិតត្រឹមព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ មានចំនួន ៥២នាក់ (ប្រុស២៧នាក់ និងស្ត្រី២៥នាក់)។​

ផ្តើមពីបញ្ហានេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបន្តក្រើនរំលឹក និងអំពាវនាវឲ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលចូលមកដល់ខេត្តនេះ ត្រូវបង្កើនការប្រុងប្រយត្ន័ ដោយត្រូវរក្សាអនាម័យសុខភាព របស់ខ្លួន កុំឲ្យឆ្លងជំងឺកូវីដ-១៩ទាំងអស់គ្នា ខណៈក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ដែលជាសេនាធិការជួរមុខ របស់រដ្ឋបាលខេត្តនេះ កំពុងបន្តសកម្មភាពចុះយកសំណាកអ្នកជាប់ពាក់ព័ន្ធទៅពិនិត្យ និងដាក់ឲ្យធ្វើចត្តាឡីស័ក ស្របតាមបច្ចេកទេសសុខាភិបាល ប្រយោជន៍ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ឲ្យមានប្រសិទ្ធភាព៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង