វ៉ាក់សាំងកូវីដ-១៩ ផលិត​នៅ​​ប្រទេសឥណ្ឌាជាង៣២ម៉ឺនដូស បានមក​ដល់​កម្ពុជា​ហើយ

រាជធានីភ្នំពេញ៖ វ៉ាក់សាំងអាស្ត្រាហ្សឺណិកា (AstraZeneca) ចំនួន ៣២៤ ០០០ដូសផលិត​នៅ​​ប្រទេសឥណ្ឌា បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។

វ៉ាក់សាំងនេះ គឺជាចំនួនវ៉ាក់សាំងលើកដំបូង ដែលប្រទេសឥណ្ឌា ផ្តល់ជំនួយមកដល់ប្រទេសកម្ពុជា ពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ ហើយថា ​វ៉ាក់សាំង ក្នុងបរិមាណមួយចំនួនទៀត នឹងបន្តដឹកជញ្ជូនមកកម្ពុជា ជាបន្តបន្ទាប់ ក្នុងឆ្នាំ២០២១នេះ។

វ៉ាក់សាំងទាំងនេះ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង៧ និង៥០នាទីយប់ ថ្ងៃទី០២ ខែមីនា ដោយមានការរង់ចាំទទួលពី លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ហើយធ្វើជាតំណាងក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងទាំងនេះ ពីសំណាក់លោកស្រីវេជ្ជបណ្ឌិត លី អាលែន តំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជា និង លោកស្រី ហ្វូរុក ហ្វូយូហ្សាត តំណាងអង្គការយូនីសេហ្វនៅកម្ពុជា។

រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ក៏បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៦០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ឈ្មោះថា ស៊ីណូហ្វាម។

រដ្ឋាភិបាលកម្ពុជា បានបែងចែកវ៉ាក់សាំងទាំងនោះជា ០២ ដោយឲ្យទៅខាងក្រសួងការពារជាតិចំនួន៣០ម៉ឺនដូស ដើម្បីចាក់ជូនដល់កងកម្លាំងយោធា និងឲ្យទៅខាងក្រសួងសុខាភិបាលចំនួន៣០ម៉ឺនដូស ដើម្បីចាក់ជូនឥស្សរជនធំៗ ក្រុមគ្រូពេទ្យ កងកម្លាំងនគរបាល ព្រមទាំងក្រុមអ្នកសារព័ត៌មាន៕

 

អត្ថបទដែលជាប់ទាក់ទង