ស្ដ្រីជនជាតិវៀតណាម២នាក់ ធ្វើដំណើរពីភ្នំពេញ ឆ្ពោះទៅខេត្តស្វាយរៀង ត្រូវរកឃើញឆ្លងជំងឺកូវីដ-១៩

ខេត្តស្វាយរៀង៖ ស្ដ្រីជនជាតិវៀតណាមចំនួន ០២នាក់ ដែលបានធ្វើដំរចាកចេញពី រាជធានីភ្នំពេញ ឆ្ពោះទៅខេត្តស្វាយរៀង តាមរថយន្តឈ្នួល ត្រូវបានមន្ត្រីសុខាភិបាល ពិនិត្យរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩។

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តស្វាយរៀង ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ បង្ហាញថា ស្ត្រីទាំង០២នាក់នេះ ឈ្មោះ Dinh Thi Xuon Nhi អាយុ២៧ឆ្នាំ និង ឈ្មោះ Nguyen Ngoc Xia អាយុ២៨ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅអាផាតមិន Star Diamonds ផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងបន្ទប់លេខ៤ ជាន់ទី៤ និងម្នាក់ទៀត រស់នៅក្នុងបន្ទប់លេខ៣ ជាន់ទី៩។

សេចក្តីប្រកាសព័ត៌មានដដែលនេះ បានឲ្យដឹងថា ស្ត្រីជនជាតិវៀតណាមទាំង ០២នាក់ខាងលើនេះ មានអាសយដ្ឋានស្នាក់នៅខណ្ឌចំការមន រាជធានីភ្នំពេញ ហើយបានធ្វើដំណើរចេញពីរាជធានីភ្នំពេញ តាមរយៈរថយន្តតាក់ស៊ី ម៉ាក ហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AC-4048 ដោយមកដល់ក្រុងបាវិត ខេត្តស្វាយរៀង នៅវេលាម៉ោង ៨ និង៣០នាទី យប់ថ្ងៃដដែល ក្នុងគោលបំណង ឆ្លងដែនចេញទៅប្រទេសវៀតណាម។

សេចក្តីប្រកាសបញ្ជាក់ថា ដោយសារតែស្ត្រីជនជាតិវៀតណាមទាំង ០២នាក់ ពុំមានឯកសារគ្រប់គ្រាន់ និង មានភាពមិនប្រក្រតី ទើបមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត មិនអនុញ្ញាតឲ្យឆ្លងដែន និងតម្រូវឲ្យស្ត្រីទាំង០២នាក់ វិលត្រឡប់ក្រោយវិញ។ ហើយបន្ទាប់មក ស្ត្រីទា៕ង ០២នាក់នោះ បានមកស្នាក់នៅ សណ្ឋាគារហេងហេង សិរីរ័ត្ន ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ប៉ុន្តែដោយទទួលបានព័ត៌មានពី មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងមានការសង្ស័យ ទើបក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តស្វាយរៀង បានចុះណែនាំឲ្យពួកគាត់អនុវត្តឲ្យបានខ្ជាប់ខ្ជួនស្របតាមវិធានការ សុខាភិបាល ព្រមទាំងបានយកសំណាក ទៅធ្វើតេស្ត លើកទី១ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និងលទ្ធផលតេស្ត ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ បញ្ជាក់ថា ស្ត្រីទាំង០២នាក់ខាងលើនេះ មានវិជ្ជមានជំងឺកូវីដ-១៩។

បច្ចុប្បន្ន រដ្ឋបាលខេត្តស្វាយរៀង បានចាត់ចែងបញ្ជូនអ្នកជំងឺទាំងព ០២នាក់នេះ ទៅសម្រាកព្យាបាល និងដាក់ឲ្យនៅដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ។

ដោយឡែក ចំពោះទីតាំងសណ្ឋាគារ ហេង ហេងសិរីរ័ត្ន រដ្ឋបាលខេត្តស្វាយរៀង បានសម្រេចផ្អាកអាជីវកម្មជាបណ្តោះអាសន្ន។ ចំណែកម្ចាស់សណ្ឋាគារ បុគ្គលិក និងភ្ញៀវ ដែលស្នាក់នៅក្នុងសណ្ឋាគារហេង ហេង សិរីរ័ត្នទាំងអស់ ត្រូវបានក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តនេះ បានចុះយកសំណាក ដើម្បីតេស្ត និងដាក់ឲ្យធ្វើចត្តាឡីស័ក នៅសណ្ឋាគារ ហេង ហេង សិរីរ័ត្ន តែម្តង៕


ប្រភព៖ CPC

អត្ថបទដែលជាប់ទាក់ទង