សមត្ថកិច្ចចុះបង្ក្រាបទីតាំងកែភេទខុសច្បាប់ ២កន្លែងនៅក្រុងភ្នំពេញ ដែលមានថៅកែជាជនជាតិវៀតណាម

រាជធានីភ្នំពេញ៖ សមត្ថកិច្ចប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានចុះបង្ក្រាបហាងកែសម្ផសគ្មានច្បាប់អនុញ្ញាត ឈ្មោះ GANGNAM BEAUTY & CLINIC ស្ថិតនៅសង្កាត់ទំនប់ទឹកក្បែរស្ថានទូតចិន ខណ្ឌបឹងកេងកង និងមួយកន្លែងទៀត មានឈ្មោះមជ្ឈមណ្ឌលថែរក្សាសម្ភស្ស ដុកទ័រកាង ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធការលួចលាក់កែភេទខុសច្បាប់។

សមត្ថកិច្ច ឲ្យដឹងថា ទីតាំងទាំង ០២ខាងលើនេះ មានម្ចាស់តែមួយ ហើយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងប្រើប្រាស់ឱសថក្លែងក្លាយថែមទៀតផង។

ទាក់ទិនបញ្ហានេះ លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា សកម្មភាពចុះឆែកឆេរទីតាំងលួចកែភេទទាំង០២ខាងលើនេះ គឺបានធ្វើឡើងបន្ទាប់ពីមន្រ្តីជំនាញ បានចុះស៊ើបអង្កេត ហើយរកឃើញថា ម្ចាស់ទីតាំងកែភេទទាំងនេះ បានលួចនាំឱសថខុសច្បាប់ជាច្រើនមកពីក្រៅប្រទេស និងបានលួចកែភេទបុរសទៅជាស្រ្តី និងពីស្រ្តីទៅជាបុរស ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ខណៈការកែភេទនេះ មានលក្ខណៈទ្រង់ទ្រាយធំ។

លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា បន្តថា ពេលនេះ អាជ្ញាធរបានឃាត់ខ្លួនម្ចាស់ទីតាំង ដែលជាជនជាតិវៀតណាម បុគ្គលខ្មែរ  និង ជនជាតិវៀតណាមមួយចំនួនទៀត នាំយកទៅសាកសួរ និងឈានទៅកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បបីបន្តនីតិវិធីតាមច្បាប់៕

ប្រភព៖ CPC

អត្ថបទដែលជាប់ទាក់ទង