គ្រោះថ្នាក់ចរាចរណ៍តាមផ្លូវជាតិលេខ៤ ស្លាប់សិស្សសាលា៣នាក់ នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានផ្តល់ព័ត៌មាន​បឋម​ថា កាលពីម៉ោងជិត ០៩ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ​២០២១ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តជាមួយម៉ូតូ បណ្តាលឲ្យភាគីខាងម៉ូតូ ដែលសមត្ថកិច្ចបញ្ជាក់ថា ជាក្មេងប្រុសៗសិស្សសាលាចំនួន ០៣នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ។

​សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨២-១៨៣ ម្តុំមុខសាលាបឋមសិក្សា-អនុវិទ្យាលយ័សំរុង ស្ថិតក្នុងឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

​ក្រោយកើតហេតុ សមត្ថកិច្ច ក៏បានចុះអន្តរាគមន៍ ស្រាវជ្រាវរកឈ្មោះជនរងគ្រោះ និងគ្រួសារ​ ព្រមទាំងជួយសម្របសម្រួលចរាចរណ៍ ដែលកកស្ទះ និងឈានទៅស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ។



តាមរបាយការណ៍បឋម ដែលទទួលបានពីសមត្ថកិច្ចនគរបាលស្រុកស្ទឹងហាវ បានបង្ហាញថា ភាគីខាងម៉ូតូ ០១គ្រឿង ម៉ាក HONDA-SCOPPY ពណ៌ស គ្មានផ្លាកលេខ ជិះឌុបគ្នា ០៣នាក់ បើកបរមានទិសដៅ (ភ្នំពេញ-ខេត្តព្រះសីហនុ) លុះបើក​មកដល់ចំណុចកើតហេតុខាងលើ អ្នកបើកម៉ូតូ ក៏បានបើកជ្រុលចូលមកចំណែកផ្លូវម្ខាងទៀត រួចក៏បុក​ចំពីមុខរថយន្ត ០១គ្រឿង ម៉ាក SSANGYONG ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ 2AQ-8400 បើកបរមានទិសដៅផ្ទុយគ្នា (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ បានចុះគេចខ្លួនក្រោយពេលកើតហេតុ)។

បច្ចុប្បន្នចំពោះវត្ថតាមរថយន្ត និងម៉ូតទាំងពីរគ្រឿង ត្រូវបានកម្លាំងនគរបាលចរាចរណ៍ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្តនីតិវិធីនៅពេលក្រោយទៀត៕

អត្ថបទដែលជាប់ទាក់ទង