សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នាំយកជំនួយមនុស្សធម៌ចែកជូន ប្រជាពលរដ្ឋខ្វះខាត១៨២គ្រួសារ កំពុងធ្វើចត្តាឡីស័ក..

ខេត្តព្រះសីហនុ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាននាំយកអំណោយមនុស្សធម៌ចែកជូន ប្រជាពលរដ្ឋចំនួន ១៨២គ្រួសារ ដែលមានការខ្វះខាត ហើយកំពុងធ្វើចត្តាឡីស័ក ក្នុងអាគារស្នាក់នៅ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

កម្មវិធីនេះ បានរៀបចំឡើងកាលពីរសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ដោយមានការចូលរួមពី លោក គាំ សុខុម នាយកសាខា មន្រ្តីសាខា និងអនុសាខាផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក គាំ សុខុម នាយកសាខា បានអំពាវនាវឲ្យក្រុមគ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ ត្រូវបន្តអនាម័យជាប្រចាំ ដោយលាងសំអាតដៃ ឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលជែល ហើយត្រូវពាក់ម៉ាស់ ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល។

ជាមួយគ្នានោះ ក្រុមការងារក៏បានធ្វើការណែនាំអំពីរបៀបរស់នៅធម្មតា តាមបែបគន្លងថ្មី និងអប់រំផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ត្រូវពាក់ម៉ាស និងត្រូវអនុវត្តតាមវិធានការការពារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៣.ការពារ និង ៣.កុំ។

សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូនពលរដ្ឋពេលនេះ គឺក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ និងថវិកាចំនួន ១០ម៉ឺនរៀល៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង