កម្លាំងនគរបាលខេត្តព្រះសីហនុ បន្តចុះចែកម៉ាស់ជូនពលរដ្ឋ តាមផ្លូវសាធារណៈ ដើម្បីការពារជំងឺកូវី-១៩

ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី​០៥ ខែមីនា ឆ្នាំ២០២១នេះ បានបន្តចុះតាមគោលដៅ មួយចំនួន ក្នុងក្រុងព្រះសីហនុ ដើម្បីចែកម៉ាស់ជូនដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវសាធារណៈ និងអប់រំបន្ថែមពីវិធានការការពារទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ-១៩។

លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរង ទទួលផែនការងារសណ្តាប់ធ្នាប់ ដែលបានដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចុះចែកម៉ាស់ ជូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវមួយចំនួន ក្នុងក្រុងព្រះសីហនុ។ លោកមានប្រសាសន៍ថា ក្រៅពីចែកម៉ាស់ កម្លាំងនគរបាល ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យអនុវត្តតាម សេចក្ដីជូនដំណឹងលេខ ១១៤ សជណ/២១ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ របស់ រដ្ឋបាលខេត្តព្រះសីហនុ មានខ្លឹមសារថា “កុំចេញក្រៅផ្ទះបើសិនគ្មានការចាំបាច់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា”។

លោក អ៊ី សុខា បញ្ជាក់ថា សកម្មភាពចុះចែកម៉ាស់ខាងលើនេះ កម្លាំងជំនាញបានចុះ០២គោលដៅ គឺនៅតាមផ្លូវ១០០ និងផ្លូវ៨០០ ដោយចែកម៉ាស់ជូនពលរដ្ឋនានចំនួន ២៥០ម៉ាស់ និងសេចក្ដីជូនដំណឹងចំនួន ៥០ច្បាប់។

លោកស្នងការរង ស្នើដល់ប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានទាំងអស់គ្នា ជាពិសេសត្រូវពាក់ម៉ាស់ឲ្យបានគ្រប់គ្នា ពេលធ្វើដំណើរតាមទីសាធារណៈ ប្រយោជន៍ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍៕

អត្ថបទដែលជាប់ទាក់ទង