អ្នកគេចវេះពីការធ្វើចត្តាឡីស័ក និងគេចពីកន្លែងព្យាបាលជំងឺកូវីដ-១៩ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៣ទៅ៥ឆ្នាំ

រាជធានីភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំសភា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា ច្បាប់នេះមិនត្រឹមតែជាការចាំបាច់ ក្នុងការបង្កើតឱ្យមានមូលដ្ឋានគតិយុត្តមួយរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីបម្រើដល់ការប្រយុទ្ធ ទប់ស្កាត់ និងបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលកម្ពុជា និងពិភពលោក កំពុងឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែច្បាប់នេះក៏បង្កើតបានជាមូលដ្ឋានមួយដ៏សំខាន់ ដើម្បីបង្កើនភាពម្ចាស់ការ ត្រៀមលក្ខណៈទុកជាមុន ក្នុងការប្រយុទ្ធទប់ស្កាត់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត នូវការឆ្លងរាលដាលនៃជំងឺផ្សេងទៀត ដែលមានកម្រិត នៃការឆ្លងរាលដាលកាចសាហាវ ឆាប់រហ័ស និងមានកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងសុខភាពសាធារណៈ ដែលអាចកើតមានជា យថាហេតុនាពេលអនាគត។

សេចក្តីព្រាងច្បាប់ថ្មីនេះ បានចែងថា បុគ្គលណាគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងចត្តាឡីស័ក ត្រូវផ្តន្ទាទោសត្រូវដាក់ពន្ធនាគារពី ០៦ខែ ទៅ ០៣ឆ្នាំ និងពិន័យជាប្រាក់ពី ០២លានរៀល ទៅ ១០លានរៀល ប្រសើនបើទង្វើរបស់ខ្លួន បណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។

ចំពោះបុគ្គលណា ដែលគេចវេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ត្រូវផ្តន្ទាទោសត្រូវដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ០៥លានរៀល ទៅ ២០លានរៀល និងត្រូវដាក់ពន្ធនាគារពី ០៥ឆ្នាំ ទៅ ១០ឆ្នាំ កាលបើអំពើរបស់ខ្លួនបានបណ្តាលឱ្យមាន ការចម្លងជំងឺ កូវីដ-១៩ដល់អ្នកដទៃ។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៩៣២នាក់។ ក្នុងនោះព្យាបាលឱ្យជាសះស្បើយចំនួន ៤៨៩នាក់ និងកំពុងព្យាបាលនៅតាមមន្ទីរពេទ្យចំនួន ៤៤២នាក់៕

ប្រភព៖ PP Daily

អត្ថបទដែលជាប់ទាក់ទង