រដ្ឋបាលខេត្តព្រះសីហនុ ស្នើដល់អ្នកជាប់ពាក់ព័ន្ធជនជាតិចិន ឆ្លងជំងឺកូវីដ-១៩ ត្រូវទៅធ្វើតេស្តសំណាក និងធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលសម្ភាសន៍អំពីសកម្មភាពការធ្វើដំណើរ របស់បុរសជនជាតិចិន អាយុ៣១ឆ្នាំ ស្នាក់នៅសណ្ឋាគារ ឡាយអឹងហាយ (ម្តុំតោពីរ) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមកនេះ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានយកសំណាក របស់បុរសរូបនេះទៅធ្វើតេស្ត ហើយកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ទើបចេញលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩។

ខាងក្រោមនេះ គឺជាសកម្មភាពការធ្វើដំណើរ របស់បុរសជនជាតិចិនខាងលើនេះ៖

– ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ជាមួយមិត្តភក្តិម្នាក់ទៀត ជាជនជាតិចិន បានស្នាក់នៅ Naga2 ជាន់ទី១ (មិនចាំលេខបន្ទប់) និងចូលលេងកាស៊ីណូ ក្លឹបកំសាន្ត និងភោជនីយដ្ឋាននៅទីនោះ។

– ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានជិះតាក់ស៊ី (មិនចាំម៉ាក និងលេខទូរស័ព្ទអ្នកបើកបរ) ជាមួយមិត្តភក្តិ ០២នាក់ទៀត មកដល់ខេត្តព្រះសីហនុនៅពេលរសៀល រួចទៅធ្វើតេស្តសំណាកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីធ្វើលិខិតបញ្ជាក់សុខភាពត្រឡប់ទៅប្រទេសចិនវិញ។ ក្រោយពិនិត្យសុខភាព និងយកសំណាករួច ក៏បានជិះរថយន្តដដែលទៅស្នាក់នៅ បន្ទប់លេខ២០៣ និងលេខ២០៥ ជាន់ទី០២សណ្ឋាគារអាលីយ៉ា។

– ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ចេញលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ទើបក្រុមគ្រូពេទ្យនាំពួកគាត់ទាំងពីរនាក់ មកសម្រាកព្យាបាលនៅសណ្ឋាគារ សាកាណា ដែលជាកន្លែងព្យាបាលជំងឺកូវីដ-១៩។

អាស្រ័យដូចបានជម្រាបជូនខាងលើ រដ្ឋបាលខេត្តព្រះសីហនុ សូមអញ្ជើញបងប្អូន ដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើម និងធ្លាប់មានទំនាក់ទំនងជិតដិត ជាពិសេសម្ចាស់រថយន្តតាក់ស៊ី ដែលបានដឹកបុរសពីរនាក់ខាងលើ តាមពេលវេលា និងទីតាំងដូចបានរៀបរាប់ សូមទៅធ្វើតេស្តសំណាកនៅទីតាំងក្នុងរាជធានី-ខេត្ត ដែលបងប្អូនកំពុងស្នាក់នៅ។

ដោយឡែកនៅខេត្តព្រះសីហនុ សូមមកធ្វើតេស្តសំណាកនៅសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករ ឱ្យបានឆាប់បំផុត។

ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃនៅផ្ទះខ្លួនឯង រាប់ចាប់ពីថ្ងៃ ដែលមានការពាក់ព័ន្ធតទៅ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង