អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១នេះ បានចុះពិនិត្យមើលសកម្មភាព នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញការងារជួរមុខ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យតេជោសែនកម្មករ ក្រុងព្រះសីហនុ មានទីតាំងស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅសាលាបឋម- អនុវិទ្យាល័យតេជោសែនកម្មករក្រុង មានការចែកចេញជាពីរប្រភេទ៖

១- ការចាកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Sinopharm សម្រាប់ក្រុមមនុស្ស ដែលមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៥៩ឆ្នាំ។

២- ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Astra Zeneca សម្រាប់មនុស្ស ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង។

នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលបានមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយបានស្នើដល់អ្នកមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខាងលើនេះ ត្រូវរក្សាសណ្តាប់ធ្នាប់ និងគម្លាតសុវត្ថិភាព។ ជាពិសេស ការរៀបចំសណ្ដាប់បានល្ អវាបានផ្តល់នូវអត្ថប្រយោជន៍ពីរយ៉ាង៖

ទី១- សម្រួលដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបានលឿន។

ទី២-អត់មានការចម្លងជំងឺកូវីដ-១៩ ឲ្យគ្នាទៅវិញទៅមក សូមរក្សាគម្លាតឱ្យបាន ១,៥០ម៉ែត្រ និងចូលរួមអនុវត្តវិធានការណ៍ របស់ក្រសួងសុខាភិបាល ពិសេសគោលការណ៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៣.ការពារ និង ៣កុំ ទើបជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ទាំងអស់គ្នា៕
ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង