លោកឧកញ៉ា ទៀ វិចិត្រ នាំយកម្ហូបអាហារនិងទឹកបរិសុទ្ធ ផ្តល់ជូនក្រុមការងារជួរមុខរដ្ឋបាលខេត្តព្រះសីហនុ ជាង១ពាន់នាក់ នៅតាមមណ្ឌលធ្វើចត្តាឡីស័ក និងទីកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) និងជាប្រធានក្រុមមនុស្សធម៌អូរ០៣ ប្រចាំខេត្តព្រះសីហនុផងនោះ នៅថ្ងៃអាទិត្យ ទី០៧ ខែមីនា ឆ្នាំ​២០២១នេះ បានដឹកនាំបុគ្គលិក នាំយកម្ហូបអាហារ និងទឹកបរិសុទ្ធមួយចំនួន ទៅផ្តល់ជូនក្រុមការងារជួរមុខ របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងប្រចាំការនៅតាមមណ្ឌលធ្វើចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្រុងព្រះសីហនុ សរុបមានចំនួនជាង ០១​ពាន់នាក់។

ចំពោះទឹកចិត្តមនុស្សធម៌​នេះ លោក ឃាង ភារម្យ មន្ត្រីនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ មានប្រសាសន៍ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ បានថ្លែង​អំណរគុណដល់ លោកឧកញ៉ា ទៀ វិចិត្រ និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារទាំងអស់ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី ​ដែលបាន​ជួយឧបត្ថម្ភ​ម្ហូបអាហារ និងទឹកបរិសុទ្ធ ដល់ក្រុមការងារជួរ​មុខ នៃរដ្ឋបាលខេត្តនេះ ដែលកំពុងប្រចាំការនៅតាមមណ្ឌលធ្វើចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ សរុបមានចំនួន​ជាង ០១ពាន់នាក់​នាឱកាសនេះ។

បន្ថែមលើនេះ លោក ឃាង ភារម្យ បានចាត់ទុក សកម្មភាពនៃការចូលរួមចែករំលែក ក៏ដូចជា​ជួយឧបត្តម្ភជាម្ហូបអាហារ និងភេសជ្ជៈផ្សេងៗ របស់លោកឧកញ៉ា ទៀ វិចិត្រ ជូនដល់ក្រុមការងារជួរមុខ ប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្រុងព្រះសីហនុ ខាងលើនេះ ថា​បានឆ្លុះបញ្ចាំង​ពីទឹកចិត្តសប្បុរស សាមគ្គីភាព និងការរួមសុខទុក្ខ ក្នុងនាមខ្មែរតែមួយ ព្រមទាំងបានជម្រុញលើកទឹកចិត្តដល់​​ក្រុមការងារ ប្រចាំគោលដៅទាំងអស់ នៅក្នុងក្រុងព្រះសីហនុ ឲ្យមានកម្លាំងចិត្តបន្ថែមទៀត ក្នុងការបំពេញ​ភារកិច្ច​ របស់ខ្លួន មានការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលវិជ្ជមាន កាន់តែល្អប្រសើរឡើងថែមទៀត៕ ដោយ៖ www.camday.news

អត្ថបទដែលជាប់ទាក់ទង