សមត្ថកិច្ចឲ្យដឹងថា មានមនុស្ស២នាក់ បានលង់ទឹកស្លាប់ នៅអាងទឹកក្បាលឆាយ ក្រុងព្រះសីហនុ..

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ មានមនុស្ស ០២នាក់ បានលង់ទឹកស្លាប់ នៅអាងទឹកក្បាលឆាយ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះរួមមាន៖ ឈ្មោះបួល សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់) ឪពុកឈ្មោះ បួស ផល អាយុ៦១ឆ្នាំ មុខរបរកម្មករ ម្ដាយឈ្មោះ សំ អឿន អាយុ៥៨ឆ្នាំ មុខរបរមេផ្ទះ និងឈ្មោះ វុធ ម៉ាសាឡែន ភេទស្រី អាយុ០៧ឆ្នាំ (ស្លាប់) ឪពុកឈ្មោះ សំណាង វណ្នី អាយុ៣៧ឆ្នាំ ម្ដាយឈ្មោះ សំ ភឿន អាយុ៣៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យជនរងគ្រោះលង់ទឹកដោយសារ ជនរងគ្រោះបានជិះលើដើមឈើ ដែលដួលនៅក្នុងទឹកក្បាលឆាយ ហើយពេលកំពុងលេង ក៏រអិលធ្លាក់ចូលក្នុងទឹកជ្រៅ បណ្តាលអោយបាត់ខ្លួនក្នុងទឹកតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ច និងពលរដ្ឋបានសហការគ្នាដើម្បីរាវរក រហូតដល់ម៉ោងជិង៥ល្ងាចថ្ងៃដដែលនេះ ទើបរកឃើញសាកសពទាំង២នាក់នោះ។

បច្ចុប្បន្ន សាកសពត្រូវបាន ក្រុមគ្រួសារយក ទៅផ្ទះធ្វើបុណ្យតាមប្រពៃណីយរៀងៗខ្លួន៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង