រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងទៅប្រជាពលរដ្ឋ ដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩..

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងដល់ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តព្រះសីហនុ ឱ្យបានជ្រាបថា ក្នុងរយៈពេល ០២ថ្ងៃកន្លងមកនេះ មានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក៏ដូចជានៅសាលាបឋម-អនុវិទ្យាល័យតេជោសែន កម្មករ តែមិនទាន់ទទួលបាន ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅឡើយ ដោយសារបងប្អូនមិនទាន់បានចុះឈ្មោះ និងទទួលបានការអញ្ជើញពីអាជ្ញាធរមូលដ្ឋានឃុំ-សង្កាត់។

ដូច្នេះរដ្ឋបាលខេត្តព្រះសីហនុ សូមគោរពជម្រាបជូនថា ដើម្បីពនឿនប្រសិទ្ធភាព នៃការចាក់វ៉ាក់សាំងរបស់ក្រុមគ្រូពេទ្យ និងចៀសវាងការមកច្រើនកកកុញ ដែលនាំឱ្យមានការព្រួយបារម្ភអំពីការឆ្លងរាលដាលនៃជំងឺកូវី៥-១៩ ទៅក្នុងបរិវេណទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រដ្ឋបាលខេត្តព្រះសីហនុ កំពុងគិតគូររៀបចំវិធីចុះឈ្មោះនៅតាមសាលាឃុំ-សង្កាត់ ដើម្បីមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តចុះឈ្មោះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យមានភាពច្បាស់លាស់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់វិធានការ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ៖ ៣កុំ និង៣ការពារ ព្រមទាំងសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ និងចៀសផុតពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ សូមបងប្អូនអនុវត្តតាមការណែនាំដូចខាងក្រោម៖

១- ត្រូវអនុវត្តវិធានការការពារខ្លួន តាមការអំពាវនាវរបស់រដ្ឋបាលខេត្តព្រះសីហនុកន្លងមក ដោយត្រូវស្នាក់នៅក្នុងផ្ទះមួយរយៈពេល ដើម្បីឱ្យរដ្ឋបាលខេត្តគ្រប់គ្រងស្ថានការណ៍បានល្អប្រសើរសិន។

២- ការចុះឈ្មោះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវរង់ចាំតាមជូនដំណឹង របស់អាជ្ញាធរភូមិ ឃុំ សង្កាត់ ហើយពេលត្រូវទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក៏ត្រូវទៅតាមបញ្ជីឈ្មោះ និងតាមការអញ្ជើញ របស់អាជ្ញាធរភូមិ ឃុំ សង្កាត់ ដោយមានភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណផងដែរ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង