រដ្ឋបាលខេត្តព្រះសីហនុ ចុះបិទក្លឹបអន្តរជាតិជូហាវ នៅក្រុងព្រះសីហនុ ព្រោះរកឃើញអ្នកធ្វើការក្នុងក្លឹបនេះ ឆ្លងមេរោគកូវីដ-១៩..

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកដំណើការជាបណ្តោះអាសន្នក្លឹបអន្តរជាតិជូហាវ និងផ្ទះនៅខាងក្រោយក្លឹប ស្ថិតនៅវិថីសន្តិភាព ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងដាក់ជាមណ្ឌលធ្វើចត្តាឡីស័ក។

ចំពោះការផ្អាកនេះ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តនេះ បានយកសំណាកតេស្តពីភ្ញៀវ ហើយលទ្ធផលតេស្តមានវិជ្ជមានវីរុសកូវីដ-១៩ ដែលភ្ញៀវនោះ បានធ្វើការងារនៅក្នុងក្លឹប និងស្នាក់នៅផ្ទះខាងក្រោយក្លឹបអន្តរជាតិជូហាវនេះ។

ផ្តើមពីបញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសបិទទីតាំងក្លឹបអន្តរជាតិជូហាវ ផ្អាកមិនឲ្យបើកធ្វើអាជីវកម្មជាបណ្តោះអាសន្ន និងផ្អាកការចេញចូលស្នាក់នៅផ្ទះ ខាងក្រោយក្លឹបខាងលើនេះ ជាបន្ទាន់ ដោយមិនអនុញ្ញាត ឱ្យមានភ្ញៀវថ្មីចូលទៅកម្សាន្ត
ឬចូលស្នាក់នៅ ហើយក៏មិនអនុញ្ញាតឱ្យភ្ញៀវ ដែលធ្វើការក្នុងក្លឹប និងស្នាក់នៅក្នុងផ្ទះខាងក្រោយចេញ-ចូល ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។

ចំពោះករណីនេះ ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំទីតាំងនេះ ទៅជាមណ្ឌលចត្តាឡីស័ក ហើយក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះទៅពិនិត្យយកសំណាកពីភ្ញៀវ និងបុគ្គលិកដែលបម្រើការក្នុងក្លឹប និងអ្នកស្នាក់នៅក្នុងផ្ទះខាងក្រោយក្លឹបគ្រប់ៗគ្នា ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង